ថៃ៖ ថ្ងៃសំខាន់បំផុតក្នុងជីវិតរបស់មនុស្សគ្រប់រូបនោះគឺថ្ងៃរៀបមង្គលការដែលជាថ្ងៃសប្បាយចិត្តរីករាយជួបជុំញាតិមិត្តជិតឆ្ងាយឲ្យពរឲ្យជ័យសិរីសួស្តីជាដើម ។ ប៉ុន្តែរឿងដែលមិននឹកស្មានដល់នោះគឺនារីម្នាក់អាយុប្រមាណ១៥ឆ្នាំ នៅខេត្តនគររាជសីមា ប្រទេសថៃ ជួបរឿងដែលអាម៉ាស់បំផុតក្នុងជីវិត ដោយសារដល់ថ្ងៃរៀបមង្គលការញាតិមិត្តមកជួបជុំអស់ហើយស្រាប់តែកូនកម្លោះទូរស័ព្ទប្រាប់ថាមិនបានមកទេព្រោះគ្មានលុយថ្លៃបណ្ណាការ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមក្រុមគ្រួសារ និងនារីជាកូនក្រមុំវ័យក្មេងរូបនេះទទួលនូវភាពអាម៉ាស់ខ្មាស់អស់ញាតិមិត្តដែលមកជួបជុំអ៊ូអរអធិកធ័មអស់ទៅហើយបែជាទទួលដំណឹងដែលហួសចិត្តបែបនេះទៅវិញដែលធ្វើឲ្យរូបនាងមិនអាចទប់ចិត្តទប់អារម្មណ៍បានស្រែកយំរហូតគាំងសន្លប់បាត់បង់ស្មារតី ។
បើតាមលោកស្រី ឡាំដូន បុនឈើត ដែលត្រូវជាម្តាយរបស់កូនក្រមុំបានប្រាប់ឲ្យដឹងថា លោកស្រីបានបង្គាប់បណ្ណាការចំនួន៦ម៉ឺនបាតស្មើនឹងប្រមាណ២០០០ដុល្លារ ខណៈនោះខាងគ្រួសារកូនកម្លោះបានព្រមព្រៀងឯកភាពរួចរាល់អស់ទៅហើយ ។ លុះដល់ថ្ងៃរៀបមង្គលការក្រុមគ្រួសារលោកស្រីបានរៀបចំទទួលក្រុមគ្រួសារខាងកូនកម្លោះ ដោយបានខ្ចីលុយអ្នកភូមិមករៀបចំកម្មវិធីនេះ ព្រោះលោកស្រីក៏ជាអ្នកដែលក្រីក្រដែរ ។ បន្ទាប់ពីររងចាំយូរពេកបានទំនាក់ទំនងសួរខាងកូនកម្លោះតាមរយៈទូរស័ព្ទបែជាខាងកូនកម្លោះប្រាប់ថា មិនបានមកដោយសារគ្មានលុយថ្លៃបណ្ណាការ ។
ភ្លាមៗនោះគ្រប់គ្នាសែនស្លុតចិត្ត និងហួសចិត្តដែលគ្រួសារនេះបែជាជួបរឿងបែបនេះទៅវិញ ពិសេសញាតិមិត្តគ្រប់គ្នាអាណិតដល់កូនក្រមុំដែលនៅវ័យក្មេងពិបាកនឹងទប់អារម្មណ៍ចំពោះរឿងដែលស្លុតចិត្តបែបនេះយំរហូតសន្លប់បាត់បង់ស្មារតី ដោយមិនដឹងថារូបនាងជាកូនក្រមុំនឹងប្រឈមមុខជាមួយញាតិមិត្តចំពោះភាពអាម៉ាស់នេះយ៉ាងនោះទេនៅពេលនាងដឹងខ្លួនឡើងវិញ ឬអាចធ្វើឲ្យនាងខូចចិត្តមួយជីវិតក៏ថាបាន ៕