ភ្នំពេញ៖ ស្ថានភាពអាកាសធាតនៅកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនៅតាមបន់ និងខេត្តមួយចំនួនចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ។
ក្រសួងធនធានទឹកបានឲ្យដឹងបន្តថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី ហើយបង្កើនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតីក៏មានល្បឿនជាបង្គួរផងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះ នៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។ ដោយឡែកនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ។
ទន្ទឹមនឹងនេះក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕