សៀមរាប ៖ ក្មេងស្រីអាយុ២ឆ្នាំមា្នក់ឪពុកបានយកទៅច្រូតស្មៅនៅចុងភូមិ ភ្លេចខ្លួនមួយពព្រិចភ្នែកសោះស្រាប់តែកូនស្រីចូលលេងទឹកបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រះវាលស្រែខាងកើតភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា សពក្មេងរងគ្រោះខាងលើនេះមានឈ្មោះ តឿត ឌីម៉ា ភេទស្រី អាយុ២ឆ្នាំ មានឪពុកឈ្មោះ ទាវ តឿត អាយុ៣៩ឆ្នាំ និងម្ដាយឈ្មោះ ថុល លួម អាយុ៣២ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
លោកបន្តថា បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវដោយមានក្រុមការងារនគរបាលយុត្តិធម៌ស្រុកចុះទៅកន្លែងកើតហេតុដែលមានស្រះទំហំ១០ម៉ែត្រគុណនឹង១៥ម៉ែត្រ ទឹកជម្រៅ២ម៉ែត្រ ។ តាមការពិនិត្យជាក់ស្ដែង សពក្មេងរងគ្រោះគឺមានទឹកហូរចេញពីមាត់ ហើយនៅលើខ្លួនប្រាណសពក្មេងស្រីរងគ្រោះ គឹគ្មានស្លាកស្នាមគួរឱ្យសង្ស័យឡើយ ។
ចំណែកឈ្មោះ ទាវ តឿត ជាឳពុកក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំកូនស្រីរបស់គាត់ ទៅច្រូតស្មៅនៅផ្ទះចុងភូមិខាងកើត ដោយរូបគាត់ជាប់ច្រូតស្មៅមិនបានចាប់អារម្មណ៍មើលកូននោះទេ ។ លុះរយ:ពេលប្រហែល៣០នាទី ទើបដឹងថា បាត់កូន ហើយក៏បានដើររកកូនទៅដល់ផ្ទះ និងសាកសួរអ្នកជិតខាង តែមិនឃើញឡើយ ។ ដោយមានការសង្ស័យ គាត់ក៏ត្រឡប់មករកកូនចំណុចស្រះទឹក ស្ថិតនៅខាងកើតកន្លែងគាត់ច្រូតស្មៅចម្ងាយប្រហែល១៥ម៉ែត្រ ពេលនោះក៏ស្រាប់តែប្រទះឃើញកូនលង់ទឹកស្រះអណ្ដែតបាត់ទៅហើយ។ ក្រោយស្រង់កូនពីទឹកហើយ ដោយមិនអស់ចិត្ត គ្រួសារគាត់ក៏យកកូនស្រីទៅដល់ពេទ្យបង្អែកពួក តែត្រូវបានគ្រូពេទ្យប្រាប់ថា កូនគាត់បានបាត់បង់ជីវិតទៅហើយ ពួកគាត់ក៏យកកូនស្រីរងគ្រោះមកផ្ទះវិញតែម្តង ។
បន្ទាប់ពីស្រាវជ្រាវត្រួតពិនិត្យយ៉ាងយកចិត្តទុកលោកអធិការនគរបាលស្រុកពួកបានសន្និដ្ឋានវាយតម្លៃជាបឋមថាហេតុការណ៍គ្រោះថ្នាក់ដោយក្មេងលង់ទឹកស្រះស្លាប់ ចំពោះមូលហេតុបណ្ដាលមកពីការហ្វេសប្រហែសពីអាណាព្យាបាលក្មេងរងគ្រោះ។ ចំណែកសពកុមារីរងគ្រោះកម្លាំងនគរបាលការិយាល័យជំនាញប្រគល់ជូនឪពុកម្ដាយដើម្បីយកទៅធ្វើបុណ្យតាមជំនឿប្រពៃណី៕