ភ្នំពេញ៖ ប្រធានក្រុមការងារគ្រប់គ្រងសព នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក យឹម វាសនា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានទម្លាយវីដេអូឃ្លីបមួយដែលពាក់ព័ន្ធនឹង បុរសម្នាក់ដែលធ្លាប់ តែមានគំនិតមិនល្អលើក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆ្នាំងជំងឺកូវីដ-១៩ បានប្រើពាក្យជេប្រមាថ លុះពេលស្លៀកពាក់ឈុតគ្រូពេទ្យ ចុះធ្វើការងារនេះខ្លួនឯងទើបដឹងថាពិបាកខ្លាំងប៉ុណ្ណា ។
លោក យឹម វាសនា បង្ហោះវីដេអូឃ្លីបដែលអមដោយសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា«បុគ្គលម្នាក់ មានឈ្មោះ ខៀវ វិទ្ធី ត្រូវជាប្អូនប្រុសរបស់សព ឈ្មោះ ខៀវ ចំប៉ី ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩នោះ បានជេរប្រមាថ ដល់ក្រុមការងារ ដោយពាក្យមិនសមរម្យ អ៊ីចឹង អោយគាត់ស្លៀកសំលៀកបំពាក់ ដូចក្រុមការងារ តើគាត់ទ្រាំបានទេ ?» ។
តាមរយៈវីដេអូឃ្លីប បានបង្ហាញថា ក្រោយពីបុគ្គលឈ្មោះ ខៀវ វិទ្ធី បានស្លៀកឈុត PPE មិនបានប៉ុន្មានផង ទើបដឹងថាពិបាកក្នុងខ្លួន ហើយដឹងកំហុសពីសកម្មភាពដែលខ្លួនធ្លាប់បានជេរប្រមាថនៅថ្ងៃកើតហេតុនោះ ។ បន្ទាប់មក ក៏ធ្វើការសុំអភ័យទោស ដល់ក្រុមការងារគ្រប់គ្រងសព នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផងដែរ ។
ពាក់ព័ន្ធនឹងករណីនេះកាលពីថ្ងៃទី០៧ ខែឧសភា ២០២១ ដោយមានគណនីហ្វេសប៊ុកមួយ បានបង្ហោះនូវរូបភាពជាច្រើន ស្តីពីទិដ្ឋភាពរំជួលចិត្តជាពន់ពេក ខណៈក្រុមគ្រួសារនៃសព បានស្លាប់ដោយសារជំងឺកូវីដ-១៩ មានបងប្អូនគ្រួសារនៃសព ចំនួន ២នាក់ ហេតុតែមានក្តីស្រលាញ់សពខ្លាំងពេក ខំពាក់ខោវអាវការពារ PPE សុំលើកសពខ្លួនឯង ។ ក្រោយមក ដោយមិនអាចទប់នឹងភាពក្តៅហប់ខ្យល់ បូករួមជាមួយការហេវហត់ខ្លាំង បានបណ្តាលឲ្យបុគ្គលដែលបានពាក់ឈុត PPE ត្រឹមតែ២ ទៅ៣ម៉ោងសោះ បណ្តាលអោយដួលសន្លប់ ទាំង២នាក់តែម្តង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ក្រោយពីបានឃើញរូបភាពបែបនេះទើបមហាជនមួយចំនួនយល់ដល់ទឹកចិត្តរបស់ក្រុមគ្រូពេទ្យជួរមុខ ដោយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បុគ្គលិកពេទ្យ ក្រុមការងារទាំងអស់ ត្រូវពាក់ខោវអាវបែបនេះអស់ជាច្រើនម៉ោង ដើម្បីការពារមេរោគ រហូតដល់ពេលខ្លះ ដល់ទៅ១២ម៉ោង ក៏មាន ឃ្លាតឆ្ងាយពីគ្រួសារជាទីស្រលាញ់ តើរាល់ថ្ងៃនេះ តស៊ូលំបាក់គ្រប់បែបយ៉ាងដើម្បីអាយុជីវិតប្រជាពលរដ្ឋ ៕