ថៃ៖ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះបានផ្ទុះប្រតិកម្ម និងធ្វើឲ្យកក្រើកពេញបណ្តាញសង្គមបន្ទាប់ពីបានឃើញប្រាសាទថ្មស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបូឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ ដែលកំពុងកសាងមានរូបសណ្ឋានដូចនឹងប្រសាទអង្គរវត្តដ៏ល្បីរន្ទឺដែលជាកេរ្តិ៍មរតករបស់កម្ពុជាពីបុព្វបុរសខ្លួនដោយត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកផងដែរ ។
ពាក់ព័ន្ធករណីដ៏កក្រើនេះពេលនេះ ព្រះចៅអធិការ Somsak Sungwarajitto ជាព្រះចៅអធិការវត្ត ភូមេនហ្វា និងជាអ្នកផ្តួចផ្តើមការកសាងប្រាសាទនេះបានប្រាប់គណៈប្រតិភូដែលដឹកនាំដោយប្រធានការិយាល័យវប្បធម៌ខេត្តលោក Khattiya Chaimanee ថា មិនមែនជាការសាងសង់អង្គរវត្តទី២ទេ ។ គម្រោងនេះបានកើតចេញពី ការស្រមើលស្រមៃនិងចក្ខុវិស័យរបស់លោកផ្ទាល់ មិនបានចម្លងពីប្រាសាទដទៃទេ ។
សូមជម្រាបថា ករណីដ៏រសើបនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺជាបឋមជូនដល់សាធារណជន និងប្រជាពលរដ្ឋឲ្យបានជ្រាប បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានាដោយក្នុងនោះមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់ផងដែរ ៕