ភ្នំពេញ៖ ស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាហាក់កំរើកឡើងវិញដោយទិន្នន័យឡើងចុះៗដែលវីរុសនេះនៅតែមានសកម្មភាពចម្លងយ៉ាងសកម្មនៅឡើយ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជឱង្កាប្រទានសារពិសេសទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសផុតពីការចម្លងរាតត្បាតនៃជំងឺនេះ ។
ព្រះមហាក្សត្រទ្រងបានមានព្រះរាជឱង្កាក្នុងបណ្តាញសង្គមហ្វេសប៊ុក Royal du Cambodge ថា «ជាបន្តទៅមុខទៀត យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវ និងត្រូវផុតរលត់ពីភពផែនដីនៅពេលណានោះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឲ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នាដើម្បីឲ្យប្រជាពលរដ្ឋយើង ទទួលបាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា» ។
សូមជម្រាបថា បើគិតត្រឹមព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៨,០៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥០,០២០នាក់ និងស្លាប់សរុបចំនួន ៨២៥នាក់ ៕