តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា នៃសមាគមសហព័ន្ឋ វិនិយោគិនកម្ពុជា ដែលជាវិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ សិប្បក ឧស្សាហ យុវជនទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងនូវសេចក្ដីអបអរសាទរកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងប្រសិទ្ឋពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម ក្នុងឱកាសដែលព្រះមហាក្សត្រសព្វព្រះរាជហប្ញទ័យ ត្រាស់បង្គាប់តែងតាំងមុខតំណែង ឯកឧត្តម ជា អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលសក្តិសមនិងស្មារតី ស្នេហាជាតិពិតៗ ព្រមទាំងកិច្ចប្រឹងប្រែងយ៉ាងស្វិតស្វាញក្នុងការងារបម្រើជាតិមាតុភូមិនៃយើង។
ក្នុងឱកាសនេះដែរ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ដែលបានយកឆន្ទៈមនសិការ បញ្ញាណ ពុះពាររាល់ ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឲ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជឿនលឿនឥតឈប់ឈរ ដែលធ្វើឲ្យប្រទេសយើងមានភាពសម្បូរសប្បាយ និងទទួលបាននូវកិត្តិសព្ទល្បីល្បាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា នៃសមាគមសហព័ន្ឋវិនិយោគិនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី រក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាមជួយ អភិបាលថែរក្សាការពារ ប្រោះព្រំ សព្វសាធុការពរជ័យ ជូនចំពោះ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារប្រកបដោយ ពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ។
រាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ឯ.ឧ សមូហកបណ្ឌិត ឡី សុភាព..