ថៃ៖ នៅផ្ទះមួយក្នុងស្រុក Bang Khun Thian លោកតាអាយុ៧២ឆ្នាំម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩ បានរង់ចាំឡានពេទ្យមកយកអស់រយៈពេល៥ថ្ងៃរហូតស្លាប់នៅផ្ទះខណៈប្រពន្ធរបស់គាត់អាយុ ៦២ ឆ្នាំ ដែលក៏ឆ្លងកូវីដដូចគ្នា ទើបតែត្រូវបានទទួលបានគ្រែសម្រាប់ព្យាបាលជំងឺប៉ុណ្ណោះ ។ នេះបើយោង តាមសារព័ត៌មានថៃ Kapook ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។
ចំណែកកូនរបស់អ្នកទាំងពីរឈ្មោះលោក Teeradon បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថាឪពុកម្តាយរបស់គាត់បានឆ្លងជំងឺ គាត់ក៏បានយកពួកគាត់ទៅពិនិត្យ និងបានដឹងលទ្ធផលនៅថ្ងៃទី២៤ ខែមិថុនា គឺវិជ្ជមានកូវីដ១៩ទាំងពីរខណៈបងថ្លៃប្រុសបងថ្លៃស្រីលទ្ធផលអវិជ្ជមាន ។ គាត់និងប្រពន្ធរស់នៅឯផ្ទះផ្សេង នៅក្នុងខេត្ត Samut Sakhon ។
ប្រភពដដែលនេះបានបញ្ជាក់ថា គ្រួសាររបស់គាត់បានព្យាយាមធ្វើការទាក់ទងទៅភ្នាក់ងារសុខាភិបាលដើម្បីជួយសង្គ្រោះជីវិតលោកតា និងភរិយា ប៉ុន្តែបុគ្គលិកពេទ្យបានសាកសួរពីស្ថានភាពរបស់អ្នកជំងឺវ័យចំណាស់ទាំងពីរ និងបានឲ្យពួកគេរង់ចាំ ពីព្រោះតំបន់ដែលអ្នកជំងឺរស់នៅ គឺជាតំបន់លឿង ។ ទោះជាយ៉ាងណាក្តីក្រុមគួ្រសាររបស់គាត់មិនយល់ថាអ្វីជាតំបន់លឿង ឬក្រហមនោះទេ ប៉ុន្តែអ្វីដែលគាត់មានការសោកស្តាយនោះ គឺឪពុករបស់គាត់បានបាត់បង់ជីវិតទៅហើយខណៈម្តាយរបស់គាត់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ៕