ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៣ក្នុងនោះរួមមាន ខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមានទី១-ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព ទី២-តាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល ទី៣- រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU ទី៤-ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងទី៥-ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ ។
ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ចេញយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា)មានប្រភពចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត ។ ការទប់ស្កាត់នេះត្រូវអនុវត្តវិធានការ៥ រួមមាន ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ និងពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជា បានសហការជាមួយថៃរួចហើយ ។
ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រីដាក់ចេញយុទ្ធសាស្ត្ររុករក និងគ្រប់គ្រងផងដែរ ដោយយុទ្ធសាស្ត្រនេះមានវិធានការរួមមាន៖ រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ, ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងខិតខំរកមេរោគបំប្លែងភេទថ្មី, ពង្រីកការធ្វើតេស្តរហ័ស, រៀបចំការធ្វើការចត្តាឡីស័កឱ្យបានត្រឹម រកឃើញហើយត្រូវទុកអ្នកជំងឺកន្លែងណា ព្យាបាលកន្លែងណា ឬឱ្យនៅព្យាបាលតាមផ្ទះ និងតាមដានដោយបច្ចេកវិទ្យាព័ត៌មាន ៕