ចិន៖ ពីរនាក់ម្តាយ និងកូនក្តុកក្តួលរំជួលចិត្តសប្បាយរហូតទប់ទឹកភ្នែកមិនបាន ពេលបានជួបជុំគ្នាវិញ បន្ទាប់ពីអ្នកទាំងពីរបានបែកគ្នាអស់រយៈពេល៣១ឆ្នាំដោយសារមានគេលួចចាប់យកទៅធ្វើជាទាសករទាំងពីរនាក់ប៉ុន្តែម្តាយបានលួចរត់រួចខ្លួនពីកន្លែងនោះមកបានមុន ។
បើយោងតាមសារព័ត៌មានក្នុងស្រុកចិនកាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា លោក Tao Xiaobing ជាកូនប្រុស ទើបតែមានអាយុ៣ឆ្នាំប៉ុណ្ណោះ នៅពេលដែលលោកនិងម្ដាយនាមត្រកូលថា Zhou ត្រូវបានអ្នកជិតខាងចាប់ពង្រត់ និងលក់ទៅឲ្យក្រុមគ្រួសារមួយ ក្នុងខេត្តសានដុង ។ ប៉ុន្មានខែក្រោយមក ស្ត្រីជាម្ដាយបានលួចរត់គេចខ្លួនមកបាន នៅពេលដែលគ្មានអ្នកយាមឃ្លាំមើល និងធ្វើដំណើរត្រលប់ទៅផ្ទះវិញ តែមិនបានយកកូនប្រុសទៅជាមួយទេ។ ហើយពេលនោះដែរ គាត់បានរាយការណ៍ទៅកាន់មន្ត្រីមូលដ្ឋានពីករណីចាប់ពង្រង់នេះ និងវិលត្រលប់ទៅផ្ទះដែលគេចាប់បង្ខំឲ្យធ្វើការវិញ តែមិនមាននរណាម្នាក់រស់នៅទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ខាងមន្ត្រីមូលដ្ឋានមិនបានជួយដោះស្រាយពីការចាប់ពង្រត់នោះឡើយ ។
ចាប់តាំងពីពេលនោះមក អ្នកស្រី Zhou បានព្យាយាមតាមស្វែងរកកូនប្រុសជានិច្ចនៅកន្លែងដដែលៗ តែគាត់គ្មានសំណាងនឹងអាចរកឃើញទេ។ នៅទីបំផុត កូនប្រុសរបស់គាត់ត្រូវបានដោះលែងពីភាពជាទាសករ និងត្រូវបានទទួលចិញ្ចឹមមើលថែដោយប្ដីប្រពន្ធមួយគូ ក្នុងខែសានដុងដដែល ប៉ុន្ដែប្ដីប្រពន្ធមួយគូនោះ ក៏មិនបានចាប់អារម្មណ៍ជួយតាមស្វែងរកសាច់ញាតិឲ្យដែរ ព្រោះតែខ្លាចបាត់បង់កូនចិញ្ចឹម ។
បើទោះបីយ៉ាងណាក្តីលោក Tao Xiaobing បានរៀបការ និងមានគ្រួសារផ្ទាល់ខ្លួន រួមទាំងសម្រេចបំណងប្រាថ្នារបស់ខ្លួនរួចហើយ ។ ហើយច្រើនឆ្នាំក្រោយមកនេះ ដោយទទួលបានការជួយតាមស្វែងរកពីក្រុមអ្នកស្ម័គ្រចិត្ត និងធ្វើតេស្ត DNA លោកបានជួបជុំជាមួយម្ដាយបង្កើតវិញ ដែលធ្វើឲ្យពួកគាត់ទាំងពីរ មានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំងរហូតធ្វើឲ្យរំភើបចិត្តខ្លាំងទប់ទឹកភ្នែកមិនបាន ៕