ភ្នំពេញ៖ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមសហការជាមួយការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត និងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា វេលាម៉ោង០៣រសៀល បានធ្វើការពិនិត្យនៅកន្លែងកើតហេតុភ្លៀមៗ ពាក់ព័ន្ធនឹងករណីកុមារីរងគ្រោះម្នាក់អាយុ២ខួប ៨ខែដែលបានស្លាប់ដោយករណីនេះត្រូវបានឳពុកចុងអះអាងថារអិលជើងដួលសង្កត់ពីលើ ។
អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ រួមជាមួយលោកវេជ្ជបណ្ឌិត នង សុវណ្ណរតន៍ បានរួមគ្នាធ្វើកោសល្យវិច័យ ទៅលើសាកសព ដើម្បីបញ្ជាក់អំពីទម្ងន់ នៃស្នាមរបួស ដែលមាននៅលើដងខ្លួន ហើយដែលរបួសទាំងនេះ បានបង្កមរណភាពទៅលើកុមាររងគ្រោះ ។
បើតាមការពិនិត្យសាកសពបឋម បានបង្ហាញថា កុមាររងគ្រោះបានរងរបួសធ្ងន់ធ្ងរ ជាច្រើនកន្លែងនៅលើដងខ្លួន។ បុរសអាយុ២៩ឆ្នាំម្នាក់ ត្រូវជាឪពុកចុងរបស់សាកសព ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីសួរនាំបន្ថែម ។
សូមជម្រាបថា ក្មេងស្រីតូចរងគ្រោះខាងលើនេះឈ្មោះ នាន់ ស្រីនិច អាយុ២ខួប៨ខែ ស្នាក់នៅជាមួយយាយតាបង្កើតនៅចំណុចកើតហេតុខាងលើ ។ ចំណែកបុរសជាឪពុកចុងមានឈ្មោះ សុខ រដ្ឋា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំៗគ្នា ជាមួយស្ត្រីម្តាយបង្កើតកុមារីរងគ្រោះមានឈ្មោះ នាន់ ស្រីនិច អាយុ២៤ឆ្នាំ ។ ពាក់ព័ន្ធករណីខាងលើនេះត្រូវបានជនសង្ស័យអះអាងថាមិនប្រយ័ត្នរអិលជើងដួលសង្កត់លើ បានបណ្តាលឲ្យកុមារីរងគ្រោះស្លាប់បាត់បង់ជីវិត ៕