មនុស្សប្រមាណ២៣០នាក់បានស្លាប់ ដែលក្នុងចំណោមពួកគេទាំងនោះ ភាគច្រើនជាមនុស្សដែល មានវ័យចំណាស់ នៅក្នុងខេត្ត British Columbia ដែលជាខេត្តមួយនៅភាគខាងលិចប្រទេស កាណាដា បន្ទាប់ពីតំបន់នេះមាន អាកាសធាតុក្តៅខ្លាំង និងមានសភាពហប់ពិបាកដកដង្ហើម ។
បើតាមសេចក្តីរាយការណ៍មួយរបស់មន្ត្រីនៅតំបន់នេះបានឲ្យដឹងថា កាលពីថ្ងៃអង្គារប្រទេសកាណាដាបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតជាថ្មីម្តងទៀត ដែលមិនធ្លាប់មានសម្រាប់ថ្ងៃទី៣ជាប់ៗគ្នាគឺ៤៩.៥អង្សាសេនៅទីក្រុងលីតថុនរដ្ឋ British Columbia ។ មុនសប្ដាហ៍នេះសីតុណ្ហភាពនៅកាណាដាមិនដែលលើសពី៤៥ អង្សាសេទេ ។
ចំណែកនៅសហរដ្ឋអាមេរិកវិញសីតុណ្ហភាពនៅក្នុងទីក្រុងPortland និង Seattle បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាខ្ពស់បំផុតនៅតែបន្ត ដែលបានចាប់ផ្ដើមកាលពីទសវត្សឆ្នាំ១៩៤០។ ទីក្រុងPortland នៅរដ្ឋOregonបាន ឡើងដល់៤៦.១ អង្សាសេនិងទីក្រុងSeattle៤២.២ អង្សាសេ ។ កម្ដៅខ្លាំងល្មមនឹងធ្វើ ឲ្យខ្សែកាបរលាយដោយបិទសេវាកម្មរថយន្តក្រុង Portland Streetcar កាលពីថ្ងៃអាទិត្យ ៕