កំពង់ស្ពឺ៖ សត្វខ្ទីងញីពេញវ័យដ៏កម្រមួយក្បាលត្រូវបានអន្ទាក់ព្រានព្រៃផ្តាច់ជីវិត បើទោះបីជាក្រុមអ្នកជំនាញចុះជួយក៏ដោយសោយសារស្ថានភាពធ្ងន់ធ្ងរខ្លាំងដែលជិតដាច់ពោះស្លាប់ និងគ្មានកម្លាំងឈរបាន និងបានបាត់បង់ផ្នែកមួយនៃជើងម្ខាងខាងមុខដោយសារអន្ទាក់តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមសហភាពអន្តរជាតិនៃការអភិរក្សធម្មជាតិបានឲ្យដឹងថា ចំនួនសត្វខ្ទីងនៅក្នុងព្រៃអាចមានដល់ទៅ ៦០០០ក្បាល នៅក្នុងប្រទេសកម្ពុជា ។ ចំនួនសត្វខ្ទីងដ៏កម្រទាំងនេះមានកម្រិតទាបដោយសារតែការដាក់អន្ទាក់និងការបរបាញ់ជាដើមពីសំណាក់ព្រានព្រៃ ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដល់សត្វព្រៃ អង្គការក្រៅរដ្ឋាភិបាលផ្នែកអភិរក្ស ធ្វើការជាមួយក្រសួងបរិស្ថាន បានចុះល្បាតព្រៃ និងដោះអន្ទាក់ចេញ ។
ក្រុមមន្ត្រីជំនាញបានឲ្យដឹងថា ក្រៅពីសត្វខ្ទីងក៏មានសត្វជាច្រើនប្រភេទទៀតផងដែរ ដែលតែងតែរងគ្រោះដោយសារអន្ទាក់ដែលវាអាចសម្លាប់សត្វបានដោយមិនរើសមុខ មានផលប៉ះពាល់លើសត្វព្រៃខ្លាំង ដែលឈានដល់កម្រិតវិបត្តិមួយយ៉ាងធំ ៕