ភ្នំពេញ៖ ស្ថានភាពធាតុអាកាសនៅកម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតាមតំបន់នីមួយៗ ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើដដែលនេះបានឲ្យដឹងបន្តថា ស្ថានភាពធាតុអាកាសទាំងនេះកើតឡើងដោយសារប្រទេសកម្ពុជារងនូវឥទ្ធិពលពីរដំណាក់កាល គឺពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ជាឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ និងពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន ។
ទន្ទឹមនឹងនេះក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបាតុភូតនានាដូចជាផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម ពិសេសសម្រាប់ប្រជាពលរដ្ឋនៅតំបន់ទំនាបកណ្តាល ៕