សៀមរាប៖ បុរសក្លាហានម្នាក់មានប្រពន្ធពីរខណៈដែលខ្លួនមករួមរស់រួមមេត្រីជាមួយប្រពន្ធចុង ស្រាប់តែហ៊ានលួយលុយរបស់ប្រពន្ធចុងផ្ញើឲ្យប្រពន្ធដើមនៅឯខេត្តត្បូងឃ្មុំ ប៉ុន្តែអកុលសត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីប្រពន្ធចុង និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយទោ ទិត្យ ណារុង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីឯកឧត្ដម ព្រះរាជអាជ្ញា លោកឧត្តមសេនីត្រី ភឹង ចន្តារ៉េត ស្នងការរង ប្រធានផែនការងារព្រហ្មទណ្ឌ និងដឹកនាំស្រាវជ្រាវផ្ទាល់ដោលោកវរសេនីយឯក ណុប សារ៉ាក់ ស្នងការរង ទទួលការងារការិយាល័យនគរព្រហ្មទណ្ឌកំរិតធ្ងន់និងលោកវរសេនីយទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយមន្ត្រី ជំនាញក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចគាស់ទ្វារផ្ទះពលរដ្ឋយកលុយ១២៤០០ដុល្លារ និង ខ្សែកមាស១តម្លឹង ។
បើយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ បឿ ឈុននី ភេទស្រីអាយុ៣៦ឆ្នាំ ដែលត្រូវជាប្រពន្ធចុងរបស់បុរសនេះបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គក់ជេ រថយន្ត បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស (គាស់ស័ង្កសី) កាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
ស្ត្រីខាងលើនេះបានរៀបរាបថា រូបគាត់បានចាក់សោទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈឺ នៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញបានឃើញផ្ទះមានស្នាមគាស់ និងរ៉ើកកាយ ក្នុងបន្ទប់ដេករបស់គាត់ ដោយបាត់បង់ ប្រាក់ដុល្លារ ចំនួន ១២៤០០ដុល្លារ ខ្សែកមាស១ខ្សែ ទម្ងន់១តម្លឹង ដែលទុកក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក បន្ទាប់មកស្ត្រីរូបនេះបានប្តឹងរាយការណ៍ជូនសម្ថកិច្ច និងធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានតែម្តង ។
បើតាមចម្លើយសារភាពរបស់បុរសជាជនសង្ស័យបានធ្វើសកម្មភាពលួច និងផ្ញើឲ្យប្រពន្ធដើមគាត់ពិតប្រាកដមែន ។ ពេលនេះ លោកស្នងការកំពុង អោយការិយាល័យជំនាញកសាងសំណុំដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងអនុវត្តបន្តតាមនីតិវិធី ៕