នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អៀង ជេដ្ឋ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៖៥៤នាទីយប់ ក្នុងជន្មាយុ ៦៥ ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ស្ថិតភូមិលេខ ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងការចូលរួមរំលែកទុក្ខជាមួយលោកជំទាវ នួន ណាវី និងក្រុមគ្រួសារដែលបានបាត់បង់រូបឯកឧត្តម អៀង ជេដ្ឋ។ មរណភាពនេះ គឺជាការបាត់បង់នូវមន្ត្រីដែលមានស្នាដៃមួយរូប ដែលត្រូវជាស្វាមី ជាបិតា បិតាក្មេក និងជាជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាល តែងបានលះបង់ខ្ពស់ទាំងកម្លាំង កាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗជាទីស្រឡាញ់ និងបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបួងសួងសូមឲ្យវិញ្ញាណក្ខ័ន្ធ របស់ឯកឧត្តម អៀង ជេដ្ឋ ជាទី គោរពស្រឡាញ់ បានទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕