ពោធិ៍សាត់៖ មានករណីខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់មនុស្សកាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីព្រឹក នៅចំណុចប្រឡាយទឹកនៅមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ ហែម សុផល ភេទប្រុសអាយុ៣៩ ឆ្នាំ មានទីលំនៅភូមិស្នារាជឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ គង់ សុភ័ក្រ អាយុ៤០ឆ្នាំ ។
បើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុប្ដីរបស់ខ្លួនបានរៀបចំបូមទឹកនៅមុខផ្ទះបំរុងបាញ់ទឹកជ្រូកហើយបានរាយខ្សែភ្លើងដាក់ចំលើដែកគោលដែលបានដំ ជាប់នៅដើមស្វាយ រំពេចនោះស្រាប់តែខ្សែភ្លើងឆក់ដួលចូលក្នុងក្រឡុកទឹកដោយខ្សែភ្លើងនៅពីលើខ្លួនប្ដីរបស់ខ្លួនផងដែរ ។ ពេលនោះស្ត្រីរូបនេះដកព្រីរួចចាប់លើកប្ដី ប៉ុន្តែលើកមិនរួចបានហៅគេឲ្យជួយលើក ។ បន្ទាប់មកបាន បានធ្វើចលនារឹតទ្រូងប្ដីធ្វើចលនាបេះដូងហើយប្ដីខ្លួនបានដឹងខ្លួន ពេលនោះក៏បាននាំគ្នាលើកគាត់ដាក់នៅលើគ្រែ ស្រាប់តែប្តីខ្លួនបានបែកពពុះមាត់ ភ័យពេកបាននាំគ្នាដឹកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ លុះពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាគាត់ដាច់ខ្យល់បាត់ទៅហើយខ្លួនក៏បានឱ្យគ្រូពេទ្យដាក់ខ្យល់អុកស៊ីសែន ពេលនោះគ្រូពេទ្យប្រាប់ថាដាក់មិនកើតទេគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ពាក់ព័ន្ធនឹងករណីនេះលោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីខ្សែភ្លើងឆក់ជនរងគ្រោះស្លាប់ខាងលើគឺបណ្តាលមកពីដៃនិងខ្លួនជនរងគ្រោះសើម និងបានកាន់ចំមុខតំណខ្សែភ្លើងទើប បណ្ដាលឲ្យឆក់ស្លាប់ដូច្នេះ ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះតាមបញ្ជារបស់ ឯក ឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤១នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕