ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយកម្លាំងកងរាជអាវុធហត្ថចំការមន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ដេញតាមចាប់ឃាត់ខ្លួនបុរសស្បែកខ្មៅជាជនជាតិប្រេស៊ីលម្នាក់ដែលមានវិជ្ជមានជំងឺកូវីដ១៩ បានភ្លាមៗ ក្រោយពេលដែលរូបគេឡើងរបងព្យាយាមរត់គេចចេញពីកន្លែងព្យាបាលនៃមន្ទីរពេទ្យរបេងនោះ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចមន្ទីរពេទ្យព្យាបាលរបេង និងហង់សិន ផ្លូវលេខ២៨៨ ស្ថិតក្នុងភូមិ១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
បើតាមមន្ត្រីកងរាជអាវុធហត្ថដែលតាមចាប់ខ្លួនបុរសខាងលើនេះបានប្រាប់ឲ្យដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់ ដែលបានព្យាយាមរត់គេចខ្លួនពីកន្លែងព្យាបាលជំងឺកូវីដ១៩ នៅមន្ទីររបេង និងត្រូវបានចាប់ខ្លួនបានវិញនោះ គឺមានឈ្មោះ គ្រីស្ទីនណូ សាន់តូស ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិប្រេស៊ីល ។
ប្រភពពខាងលើដដែលនេះបានឲ្យដឹងបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មានបុរសជនជាតិប្រេស៊ីលដែលជាអ្នកជំងឺកូវីដ១៩ ខាងលើនេះ បានលួចផ្លោះរបងរត់ចេញទៅខាងក្រៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង។ លុះដល់វេលាម៉ោង៤និង៣០ល្ងាច ថ្ងៃទី២០ ខែមិថុនា ទើបកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ជាម្ចាស់គោលដៅ បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង និងកងរាជអាវុធហត្ថខណ្ឌ៧មករា បាននាំគ្នាដេញតាមចាប់ឃាត់ខ្លួនបានភ្លាមៗនៅម្តុំខាងមុខរោងកុនគិរីរម្យតែម្ដង។
សូមជម្រាបថា បុរសស្បែកខ្មៅ ជាជនជាតិប្រេស៊ីល មានវិជ្ជមានជំងឺកូវីដ១៩ខាងលើនេះ បានមកស្នាក់នៅព្យាបាលកូវីដ១៩ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កន្លងមក ស្រាប់តែរូបគេលួចផ្លោះរបងរត់ចេញទៅ ហើយក៏ត្រូវបានតាមចាប់មកវិញ និងបានយកមកប្រគល់ឲ្យក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យរបេងវិញ ។ ពាក់ព័ន្ធនឹងករណីរត់គេចនេះ បុរសជនជាតិស្បែកខ្មៅខាងលើអាចនឹងប្រឈមចំពោះមុខច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ៕