ភ្នំពេញ៖ មានករណីជនសង្ស័យម្នាក់ឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចនៅផ្លូវ៥០ម៉ែត្រភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ បានជិះម៉ូតូរត់គេច ប៉ុន្តែបែជាបុករថយន្តក្រោយបណ្តាលឲ្យរបួសធ្ងន់ កាលពីវេលា ម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានជិះមួយគ្រឿង ម៉ាកស៊ុយស៊ុគីនិចមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1GP-7967 ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកVIVO ពីស្ត្រីម្នាក់ឈ្មោះ ម៉ើយ ពៅ ចិន្តា អាយុ៣៤ឆ្នាំ បានសម្រេច ហើយជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនតែសំណាងអាក្រក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តព្រុសមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AX-2807 ដែលបម្រុងនឹងបត់ឆ្វេង ចូលបុរីពិភពថ្មីទី១ បណ្តាលឲ្យជនសង្ស័យ រងរបួសធ្ងន់បាក់ជើងខាងស្តាំ និងបែកមុខបែកមាត់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ យកទៅធ្វើការសង្រ្គោះភ្លាមៗ ។
លុះមួយសន្ទុះក្រោយមកម្ចាស់ទូរស័ព្ទបានខលមកនិយាយជាមួយជាមួយសមត្ថកិច្ចទើបដឹងថា ជនរងគ្រោះ គឺជាជនសង្ស័យដែលឆក់ទូរស័ព្ទ ហើយព្យាយាមជិះម៉ូតូគេចខ្លួន ។ ក្រោយពីគ្រូពេទ្យពិនិត្យសំណាកបានរកឃើញថាជនសង្ស័យមានផ្ទុកជម្ងឺកូវីដ១៩ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវ និងបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ដែលជាម្ចាស់ទូរស័ព្ទ ។ បច្ចប្បន្នជនសង្ស័យ កំពុងស្ថិតនៅមន្ទីរពេទ្យ និងបន្តចាត់ការបន្តនីតិវិធី ៕