ភ្នំពេញ៖ ជម្លោះវាយតបគ្នាដែលបង្កឡើងដោយអ្នករកស៊ីចងការប្រាក់ជាជនជាតិខ្មែរ និងវៀតណាមបណ្តាលឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំនុចអាស្រមព្រះអង្គដងកើ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នករកស៊ីចងការប្រាក់ទាំង២ក្រុមខាងលើនោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាអ្នករកស៊ីចងការប្រាក់ទាំង២ក្រុមនោះ គឺមិនដែលត្រូវគ្នានោះទេ ឈ្លោះប្រកែកគ្នាយូរឆ្នាំមកហើយ ម្ខាងជាជនជាតិខ្មែរ និង ម្ខាងទៀតជាជនជាតិវៀតណាម ដោយពួកគាត់ទាំងពីរក្រុម រកស៊ីចងការប្រាក់ឲ្យអ្នកលក់ដូរនៅមុខព្រះអង្គដងកើ ។ នៅថ្ងៃកើតហេតុភាគីអ្នករកស៊ីចងការប្រាក់ជាជនជាតិខ្មែរ បានផឹកស្រវឹង ហើយជិះម៉ូតូមកកន្លែងព្រះអង្គដងកើ ។
លុះដល់កន្លែងឃើញដៃគូរកស៊ីកាច់កុងគ្នាដែលជាជនជាតិវៀតណាមដោយមានគ្នា៣នាក់ ម្តាយ និងកូនប្រុស២នាក់នៅអង្គុយនៅជិតនោះបានប្រើពាក្យមិនសមរម្យធ្វើឲ្យភាគីខាងជនជាតិវៀតណាមខឹងបានចូលមកសួរនាំ និងធាក់បុរសជនជាតិខ្មែរមួយជើង បណ្តាលឲ្យដួលអុកគូទ ធ្វើឲ្យបុរសជនជាតិខ្មែរខឹងងើបមកវិញលោតដាល់ទៅភាគីវៀតណាមវិញ ។ បន្ទាប់មកបង្កជាហិង្សាវាយតប់គ្នាទៅវិញទៅមកទាំងគ្រួសារទាំងសងខាងចូលមកជួយវាយយ៉ាងប្រសេចប្រសាចពេញសួនច្បារបណ្តាលឲ្យាមានរបួស្នាម ផ្អើលអស់ប្រជាពលរដ្ឋកំពុងអុជធូបបួងសួងសុំសេចក្ដីនៅព្រះអង្គដងកើ ដែលជាទីកន្លែងគោរពសក្ការៈបូជា ហើយក៏ជាថ្ងៃសីលផងនោះបានរត់ចែកជើងគ្នារៀងៗខ្លួន ។
ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីសុំការអន្តរាគមន៍បំបែកភាគីទាំងពីរនោះ ពេលសមត្ថកិច្ចមកដល់ហើយ ភាគីទាំងពីរនោះហាក់ដូចមិនខ្វល់ខ្លាចញញើតសមត្ថកិច្ចអ្វីបន្តិចសោះ នៅតែបំពានលើកកៅអីវាយគ្នារំលងខ្លួននសមត្ថកិច្ចទៀត ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានហៅភាគីទាំងពីរនោះទៅធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្តិ៍នគរបាលជ័យជំនះ ក្នុងករណីបើមានលើកក្រោយម្តងទៀត សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធី ៕