ភ្នំពេញ៖ មានករណីជាងផ្សាដែកម្នាក់បានធ្លាក់ ពីលើអគារខុនដូរជាន់ទី៦ ដែលកំពុងសាងសង់មួយកន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋក្បែរនោះ និងសមត្ថកិច្ចក្នុងមូលដ្ឋាន កាលពីវេលាម៉ោងប្រមាណ១១និង៣១នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចផ្លូវលេខ៣៧៦ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមមានសន្តិសុខយាមម្នាក់ នៅកន្លែងកើតហេតុខាងលើនោះបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះឈ្មោះ សែន វិបុល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង ។ នៅមុនពេលកើតហេតុរូបគាត់បានឃើញជនរងគ្រោះ ឡើងទៅលើដើម្បីផ្សាដែក ។ ស្រាប់តែធ្លាក់ពីលើអគារខុនដូរជាន់ទី៦ ចុះមកក្រោមទាំងមិនដឹងមូលហេតុបណ្ដាយឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ភ្លាមៗនោះសន្តិសុខយាមនៅទីកន្លែងអគារខុនដូរនោះផ្តល់ដំណឹងជូនអាជ្ញាធរនៅក្នុងមូលដ្នានឲ្យចុះមកត្រួតពិនិត្យ ។
ក្រោយពីសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យលើសាកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្លាក់ពីលើអគារខុនដូរពិតប្រាកដមែន ។ បន្ទាប់មកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕