ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ លើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម។ នៅក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធានAmCham កាលពីម្សិលមិញ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា “កម្ពុជាកំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ”។ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោកក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅតែបន្តដំណើរការ របស់ខ្លួនឥតឈប់ឈរ មិនទាន់ឃើញមានគម្រោងណាមួយ ត្រូវបានរងផលប៉ះពាល់ ដោយការរាតត្បាតពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ។ទាក់ទងនឹងការដឹកជញ្ជូន លោកបានលើកឡើងផងដែរថា ក្រសួងបានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាសម័យទំនើប ដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា កាត់ចំណាយក្រៅផ្លូវការ ដែលក្នុងនោះរួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារ ទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ដើម្បីឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍អំពីផ្លូវខូច សំដៅថែទាំផ្លូវឱ្យបានយូរអង្វែង។
ជាងនេះទៅទៀត គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក(NRSC) កំពុងអភិវឌ្ឍគម្រោងដ៏ថ្មី ស្រឡាងមួយទៀតគឺកម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណ ដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ៕