ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈគិតចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានឡើងថ្លៃចំនួន ១០០រៀល ក្នុង១លីត្រ ដោយសារតែតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិកើនឡើងដូចគ្នា។
យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនៅរសៀលថ្ងៃទី១៦ ខែមិថុនានេះ បានបញ្ជាក់ថា សម្រាប់ប្រេងសាំងធម្មតាក្នុងរយៈពេល២សប្តាហ៍ក្រោយនេះ លក់ចេញក្នុងតម្លៃ ៣ ៩០០រៀល ក្នុង១លីត្រ។ ចំណែកឯប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៣.៥៥០រៀល ក្នុង១លីត្រ។ ក្រសួងបានបន្ត តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ នឹងត្រូវលក់ ៤ ០៦០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង ៣ ៧១០ រៀលសម្រាប់ប្រេងម៉ាស៊ូត។ ជុំវិញតម្លៃលក់ប្រេងឥន្ធនៈនេះ ក្រសួងបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតាមប្រកាសដូចមានក្នុងឯកសារ។
សូមបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារ ឬស្មើនឹង ២០០រៀល ក្នុង១លីត្រ៕