កីឡាជាតិ៖ កីឡាករក្លិបបាល់ទាត់ភ្នំពេញក្រោនម្នាក់ទៀតហើយបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលជាកីឡាករបរទេស កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីក្លិបនេះបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ហើយបានលុបចោលការប្រកួត សប្តាហ៍ទី២ ពានរង្វាន់លីគខាប់ រដូវកាល ២០២១ ដែលជាការប៉ះគ្នារវាងភ្នំពេញក្រោន និងវិសាខា។
ពាក់ព័ន្ធករណីកីឡាករបរទេសនេះមិនត្រូវបានប្រកាសជាផ្លូវការពីក្លិបបាល់ទាត់ភ្នំពេញក្រោននៅឡើយទេ។ ប៉ុន្ដែក្លិបអាជីព ដែលជាសមាជិកលីគកំពូលកម្ពុជាមួយនេះ គ្រាន់តែបញ្ជាក់ថា កីឡាកររបស់ខ្លួនមានវិជ្ជាមានកូវីដ-១៩។ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបញ្ជាក់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា កីឡាកររបស់ក្លិបភ្នំពេញក្រោន ដែលមានវិជ្ជមានកូវីដ-១៩ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកម្រិតស្រាល ហើយកំពុងស្ថិតក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗ។ សម្រាប់ក្រុមកីឡាករ បុគ្គលិក ដែលមានទំនាក់ទំនងជាមួយពួកគេ ទាំងផ្ទាល់ និងប្រយោល កំពុងធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព ក៏ដូចជាដើម្បីសុវត្ថិភាពដោយអនុវត្តតាមការកំណត់របស់ក្រសួងសុខាភិបាល។
កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និងក្លិបភ្នំពេញក្រោនបានប្រកាសរកឃើញកីឡាករ២នាក់របស់អតីតក្រុមជើងឯកលីគ៦សម័យកាលនេះ មានវិជ្ជមានជំងឺកូវីដ-១៩ មុនការប្រកួតពានរង្វាន់ League Cup 2021 ជាមួយក្រុមវិសាខា១ថ្ងៃ ដែលធ្វើឲ្យ CNCC សម្រេចលុបចោលការប្រកួតនេះភ្លាមៗតែម្ដង៕