កណ្តាល៖ មានគណនីហ្វេសប៊ុកមួយឈ្មោះ Family OT និងបណ្តាញសារព័ត៌មានមួយចំនួន បានបង្ហោះវីដេអូ ពីសកម្មភាពយុវជនមួយក្រុមបានបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីពេលថ្មីៗកន្លងទៅនេះ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យជំនាញពាក់ព័ន្ធ ស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមយុវជនដែលធ្វើសកម្មភាពបង្ហោះម៉ូតូនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនោះយកមកអនុវត្ត(តាមនីតិវិធី) ។
លុះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង សំអឿន បើកកិច្ចប្រតិបត្តការនេះកម្លាំងជំនាញបានស្រាវជ្រាវឃើញផ្លាកលេខម៉ូតូ ភ្នំពេញ 1IP 2068 Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២០ ជាកម្មសិទ្ធិឈ្មោះ រ៉ិត សុភា ហើយត្រូវបានកូនយកជិះធ្វើសកម្មភាពបង្ហោះ នោះឈ្មោះ ឈឹម ម៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមចម្លើយសារភាពរបស់យុវជនឈ្មោះ ឈឹម ម៉ានុត បានឲ្យដឹងថា ខ្លួននិងបក្ខពួកប្រមាណជា២០នាក់ និងម៉ូតូប្រមាណ១៥គ្រឿង មានអ្នកខ្លះស្គាល់ និងខ្លះទៀតមិនស្គាល់ មកតាមគ្នា ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមបណ្តាយផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ប្រាកដមែន ។
បើទោះបីយ៉ាងណាក្តីសមត្ថកិច្ចជំនាញបញ្ជាក់ថា យើងកំពុងបន្ដនីតិវិធីនៃការកំណត់មុខសញ្ញាបក្ខពួកក្រុមផ្សេងទៀតតែងតែមកពីរាជធានីភំពេញមកបង្ហោះម៉ូតូនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន ៕