រុស្សី៖ កងកម្លាំងជើងទឹករបស់រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅភាគកណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិកដែលមានចម្ងាយប្រហែល ៤,០០០គីឡូម៉ែត្រពីមូលដ្ឋានអចិន្រ្តៃយ៍របស់ខ្លួន ដោយមាននាវាចម្បាំង២០ គ្រឿង, នាវាមុជទឹក និងនាវាគាំទ្រផ្សេងៗទៀត រួមទាំងយន្តហោះប្រហែល ២០គ្រឿងដែលរួមមានយន្តហោះស៊ើបការណ៍ និងយន្តហោះចម្បាំងក៏បានចូលរួមនៅក្នុងសមយុទ្ធនេះដែរ ។ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។
បើតាមក្រសួងការពារជាតិរុស្ស៊ីបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ថា «សមយុទ្ធប្រតិបត្តិការរបស់កងកងកម្លាំងជេីងទឹករុស្ស៊ីត្រូវបានធ្វើឡើងនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក និងត្រូវបានធ្វើឡើងយោងតាមផែនការបណ្តុះបណ្តាលរបស់ទីបញ្ជាការយោធានៃកងកម្លាំងជើងទឹករុស្ស៊ីប្រចាំនៅតំបន់ប៉ាស៊ីហ្វិក»។
សូមជម្រាបថា សមយុទ្ធយោធានេះរបស់រុស្ស៊ីបានចាប់ផ្តើមធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីអាមេរិកបានប្រកាសពីការធ្វើសមយុទ្ធយោធានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែរដើម្បីវាយតម្លៃពីការត្រៀមខ្លួនប្រយុទ្ធ និងសាកល្បងសមត្ថភាពរបស់កងកម្លាំងយោធា។ បើទោះបីយ៉ាងណាក្តីប្រទេសទាំងពីរគឺរុស្ស៊ីនិងអាមេរិកមិនបានបញ្ជាក់ថាតើសមយុទ្ធយោធារបស់ពួកគេមានរយៈពេលប៉ុន្មានថ្ងៃនោះឡើយ៕