មីយ៉ាន់ម៉ា៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ យន្តហោះយោធាមីយ៉ាន់ម៉ា១គ្រឿង បានធ្លាក់បន្ទាប់ពីបាត់ការទាក់ទង ជាមួយប៉មត្រួតពិនិត្យ ខណៈពេលហោះហើរមកជិតដល់រោងចក្រដែកថែបមួយ ស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រ ពីព្រលានយន្តហោះដែលត្រូវចុះនៅជិតទីក្រុងម៉ាន់ដាឡៃ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១២នាក់ក្នុងនោះមានព្រះសង្ឃមួយអង្គ ។
ព្រះសង្ឃអង្គនោះជាមន្ត្រីសង្ឃជាន់ខ្ពស់ដ៏មានឥទ្ធិពលបំផុត១អង្គដែលជិតដិតជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ា មានព្រះនាម BATHANDA KAVISARA ព្រះជន្ម៩០ព្រះវស្សា ដែលដឹកនាំវត្តដ៏ធំមួយក្នុងចំណោមវត្តធំៗ ក្នុងទីក្រុងណៃពិដោ រដ្ឋធានីមីយ៉ាន់ម៉ា ។ មន្ត្រីសង្ឃអង្គនោះ ក៏បានចូលរួមគាំទ្រប្រមុខរបបយោធា ឧត្ដមសេនីយ៍ MIN AUNG HLAINGតាំងពីក្រោយរដ្ឋប្រហារមក។ មន្ត្រីសង្ឃអង្គនោះអាចចាត់ទុកជាសង្ឃមានឥទ្ធិពលបំផុត ក្នុងចំណោមសង្ឃមានឥទ្ធិពលទាំងឡាយនៃសង្ឃពុទ្ធសាសនាមីយ៉ាន់ម៉ា ។
ព្រះតេជគុណ BATHANDA KAVISARA និមន្តតាមយន្តហោះនោះ ទៅចូលរួមក្នុងពិធិចាក់គ្រឹះសាងសង់ព្រះវិហារថ្មីមួយ នៅទីក្រុង PYI OO LWIN ជាទីក្រុងដែលមានសាលាបណ្ឌិតសភាយោធា ដោយឧត្ដមសេនីយ៍ MIN AUNG HLAING ក៏ទទួលបានសញ្ញាប័ត្រយោធាពីសាលានោះដែរ។
សូមជម្រាបថា ករណីធ្លាក់យន្តហោះខាងលើនេះត្រូវបានគេសន្និដ្ឋានថា អាចបណ្ដាលមកពីធាតុអាកាសមិនល្អ និងសន្តិសុខអាកាសពុំគ្រប់គ្រាន់របស់ប្រទេស ដែលនាពេលថ្មីៗនេះកងយោធារងការខូចខាតធ្ងន់ធ្ងរ ដោយសារការវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធនានា ជាពិសេសពួកបះបោរ ទើបបាញ់ធ្លាក់ឧទ្ធម្ភាគចក្រយោធា១គ្រឿងនោះ ៕