ភ្នំពេញ ៖ ករណីហិង្សាមួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីវេលាម៉ោង១២ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងរឿងរ៉ាវនេះ ផ្តើមមកពីបុរសម្នាក់បានមកទិញផ្លែឈើ នៅក្នុងហាងមួយ រួចទិញអស់ចំនួនជាង១លានរៀល ហើយអ្នកទិញក៏បានឱ្យលុយទៅ បុរសម្នាក់ដែលនៅក្នុងហាងលក់ផ្លែឈើនោះ តែបុរសនោះមិនមែនជាម្ចាស់ហាងផ្លែឈើទាំងនោះទេ ដែលអាចជាសាច់ញាតិអ្នកលក់ ពេលបុរសនោះបានលុយហើយ បែរជាមិនឲ្យលុយទៅអ្នកលក់ពិតប្រាកដនោះទេ គឺយកទៅចាយអស់ទៅវិញ បន្ទាប់មកអ្នកលក់ពិតប្រាកដឲ្យអ្នកទិញមកដោះស្រាយគ្នា រហូតបង្កជាហិង្សាមួយ រវាងអ្នកទិញ និង បុរសដែលជាអ្នកយកលុយ រហូតបុរសនោះយកដាវមកកាប់អ្នកទិញត្រូវក្បាលមួយដាវ រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីពេទ្យភ្លាម។
ភ្លាមៗនោះបន្ទាប់ពីកើតហេតុកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនបង្ក និង ភាគីអ្នកទិញភ្លាមៗ ដើម្បីសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕