ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជារៀងរាល់ថ្ងៃនិងបានបង្កឲ្យស្លាប់បាត់បង់ជីវិត របួសស្នាម និងខូចខាតទ្រព្យសម្បតិ្តជាដើម ។ ជាក់ស្តែងនៅយប់ថ្ងៃទី៩មិថុនានេះ រយៈពេលខុសគ្នាតែ១០នាទីជាងសោះគ្រោះថ្នាក់ចរាចរណ៍កើតឡើងពីរណីផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ។ ដូច្នេះពេលបើកបរសូមប្រុងប្រុងប្រយ័ត្នពីព្រោះជីវិតមនុស្សម្នាក់ៗមានតម្លៃខ្លាំងណាស់ដែលមិនមានដាក់តាំងលក់នៅតាមផ្សាយនោះឡើយ ។
ករណីទី១ នាម៉ោង០៧:០៥នាទីយប់ ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១នេះ នៅចំណុចខាងលិចសាលាបឋមសិក្សាភូមិ៦ ផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រវាងម៉ូតូហុងដាឃ្លីក(Honda Click) ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FB-1692 បើកបរដោយយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត កំពុងឆ្លងកាត់ទទឹងផ្លូវ ម៉ាក Vespa ពណ៌ទឹកប៉ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1GA-7950 បើកបរដោយបុរសម្នាក់ និងក្មេងប្រុសបរទេសម្នាក់ទៀតរួមដំណើរជាមួយ បណ្ដាលឲ្យម៉ូតូ Vespa ខ្ទាតឡើងលើចិញ្ចើមផ្លូវ របួសបុរសអ្នកបើកម៉ូតូធ្ងន់ និងក្មេងប្រុសបរទេសរបួសស្រាល ចំណែកឯយុវជនដែលជាអ្នកបើកបរម៉ូតូ Click បានរបួសមធ្យម បង្កការភ្ញាក់ផ្អើលឡើងអ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទួលទំពូងទី២ ចុះមកបាញ់គំនូសយកម៉ូតូទាំងពីរគ្រឿងអែបខាងសិន មុននិងហៅជំនាញមកវាស់វែង។ ចំណែកឯភាគីទាំងសងខាងបានទំនាក់ទំនងក្រុមគ្រួសារ បើករថយន្តមកយកទៅមន្ទីរពេទ្យរៀងៗខ្លួន ដោយទុកម៉ូតូទាំងពីរគ្រឿងអោយសមត្ថកិច្ចនគរបាលចរាចរណ៍ចុះមកវាស់វែង រួចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំភាគីទាំងសងខាងចុះមកដោះស្រាយគ្នានៅពេលក្រោយ ។
ករណីទី២ កើតឡើងនៅម៉ោង០៧:២០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រវាងម៉ូតូ Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW-3887 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀត ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JG-9754 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ដឹកស្ត្រីជាប្រពន្ធ បណ្ដាលឲ្យដួលរងរបួសរលាត់ដៃរលាត់ជើង ចំណែកឯម៉ូតូដែលបង្ក បានបើកបន្តដំណើរទៅមុខប្រហែល៥០ម៉ែត្រ ក៏ត្រលប់មកមើល ភាគីខាងរងគ្រោះវិញ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចុះមកជួយសម្របសម្រួល នៅកន្លែងកើតហេតុផងដែរ។
ក្រោយពេលកើតហេតុ ភាគីខាងម៉ូតូបង្ក បានជួយចេញសំណង១០ម៉ឺនរៀល ទៅអោយភាគីខាងរងគ្រោះ ដើម្បីបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ចផងដែរ ៕