ភ្នំពេញ៖ ស្ត្រីម្នាក់បានបីកូនខ្ចីអាយុទើបតែជាង១ខែចាកចេញពីផ្ទះទាំងកណ្ដាលយប់ ព្រោះតែអត់ទ្រាំនឹងប្ដីចិត្តអប្រិយដែលធ្វើបាបទាំងផ្លូវចិត្ត និងផ្លូវកាយលែងបានដែល ត្រូវបានគេប្រទះឃើញនៅតាមផ្លូវកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខភ្នំពេញស្ពតក្លិបតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរូបនេះនិយាយទាំងអួលដើមកថា រូបគាត់ទើបតែសម្រាលបានកូនស្រី អាយុជាងមួយខែប៉ុណ្ណោះ ដោយគាត់បានស្រឡាញ់ប្តីគេជាង៣ឆ្នាំមកហើយដោយបុរសជាប្តីតែងតែវាយធ្វើបាបគាត់តាំងពីគាត់មានផ្ទៃពោះរហូតដល់សម្រាលកូនរួច ជាពិសេសវាយធ្វើបាបរូបគាត់នៅចំពោះមុខប្រពន្ធដើមថែមទៀត ទើបធ្វើឲ្យគាត់ពិបាកចិត្តអត់ទ្រាំលែងបាន ក៏សម្រេចចិត្តបីកូនចេញពីផ្ទះដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បំណងទៅផ្ទះម្ដាយរបស់គាត់នៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងដែលគ្មានលុយ១រៀល និងគ្មានសម្ភារសម្រាប់កូនតាមខ្លួនទៀតផង ។
បើទោះបីយ៉ាងណាដោយឃើញស្ត្រីខាងលើនេះមានការអាណិតពេក ប្រជាពលរដ្ឋមួយចំនួនដែលបាន ឃើញសភាពបែបនេះបានផ្តល់ថវិកាខ្លះសម្រាប់ទិញសម្ភារឱ្យកូនប្រើប្រាស់ ទឹកដោះគោឱ្យកូនបៅ និងបានធ្វើដំណើរទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល តាមរយៈឡាំបឺតាទាំងយប់ ៕