ភ្នំពេញ ៖ គួរឲ្យខ្លោចចិត្តអាណិតអាសូរដល់ជីវិតរបស់ស្ត្រីម្នាក់ដែលពិការជើងថែមទាំងគ្មានផ្ទះ សម្បែងដើម្បីជ្រកកោននោះឡើយ សុំទីកន្លែងវត្តអារាមដើម្បីស្នាក់អាស្រ័យ ។ ជារៀងរាល់ថ្ងៃស្ត្រី កម្សត់រូបនេះតែងដេកលើរទេសឲ្យក្មួយអូសដើរសុំលុយពីអ្នកមានចិត្តសប្បុរសតាមដងផ្លូវបានបន្តិចបន្តួចដើម្បីយកមកទិញបាយហូបប្រចាំថ្ងៃ ។
ស្ត្រីកម្សត់ចំណាស់ដែលខ្វិនជើង និងពិបារដៃទាំងសងខាងខាងលើ មានឈ្មោះ ឈិន យឿន អាយុ៥៦ឆ្នាំ ។ ចំណែកក្មួយប្រុសបង្កើតទាំង២នាក់ (បងប្អូនភ្លោះ ) មានឈ្មោះ ទី១ ង៉ន ម៉េងហុង និងម្នាក់ទៀត ឈ្មោះ ង៉ន ម៉េងហ៊ាង មានវ័យ១១ឆ្នាំ ដែលបច្ចុប្បន្ននេះពួកគាត់ស្នាក់នៅក្នុងវត្តត្រពាំងសិលា ស្ថិតនៅខាងត្បូងវត្តព្រៃស្ពឺ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គេសង្កេតឃើញក្មេងៗតូចៗទាំង២ខាងលើ តែងអូសរទេះស្ត្រីពិការខាងលើនេះដែលត្រូវជាអ៊ុស្រីដើរដោយថ្មើរជើង តាមបណ្តោយផ្លូវលេខ៣៧១ ឆ្ពោះទៅផ្លូវលេខ២៧១ រហូតដល់មុខមន្ទីរពេទ្យរុស្ស៊ីដើម្បីសុំទានគេជាប្រចាំថ្ងៃដោយអ្នកមានចិត្តសប្បុរសមួយចំនួនអាណិតពេកពេលឃើញសភាព បែបនេះបានឲ្យជានំចំណី មីទឹកក្រូច ខោអាវ ឬថវិការតិចតួចជាដើម ទៅតាមទឹកចិត្ត និងលទ្ធភាព របស់ខ្លួន ។
បើតាមស្ត្រីខាងលើនេះបានរៀបរាប់ឲ្យដឹងកាលពីថ្ងៃទីពុធម្សិលម៉ិញនេះថា រយៈពេលប្រមាណ៣-៤ខែកន្លងមកហើយ ដែលក្មួយអូសរទេះ សុំពីអ្នកដទៃដោយក្នុងមួយថ្ងៃបានថវិកាប្រមាណ៤-៥ម៉ឺនរៀល ជាមួយនឹងម្ហូបអាហារមួយចំនួន ដែលគេផ្តល់ឲ្យគ្រាន់យកទៅទទួលទានបរិភោគជុំគ្រួសារ ដែលមានសមាជិករហូតទៅដល់៧នាក់ក្នុងនោះ ៥នាក់ សុទ្ធតែជាក្មេងតូចៗ និង២នាក់ទៀត មាននាង និងប្អូនស្រីបង្កើតរបស់នាង ដែលជាម្តាយបង្កើតរបស់ក្មេងៗតូចៗទាំង៥នាក់ ។
ស្ត្រីកម្សត់ខាងលើនេះបញ្ជាក់ថា គាត់បានមានសភាពខ្វិនជើង និងពិការដៃបែបនេះ ដោយសារតែត្រូវរទេះគោកិនបាក់ចង្កេះតាំងពីកំឡុងឆ្នាំ១៩៨៤ ដែលខណៈនោះរូបគាត់មានអាយុប្រមាណជាង៣០ឆ្នាំ ។ ពេលនោះចង្កេះគាត់ត្រូវបាក់រហូតធ្វើឲ្យប៉ះពាល់ទៅដល់ជើងទាំង២ត្រូវខ្វិនពិការដើរលែងរួចតែម្តង ។ បន្ទាប់មកជម្ងឺសសៃនេះ បានរាលដាលធ្ងន់ធ្ងរដល់សសៃដៃទាំង២របស់គាត់ធ្វើឲ្យសរសៃដៃត្រូវរួញចូលគ្នាប្រើការលែងកើត រហូតក្លាយជាដំបៅមានខ្ទុះហូរចេញទៅខាងក្រៅថែមទៀតផង ជាហេតុធ្វើអោយរូបគាត់បង្ខំចិត្តកាត់ដៃទាំងសងខាងចោលតែម្តង នៅកំឡុងឆ្នាំ២០១៣ ៕