បារាំង៖ បុរសម្នាក់ហ៊ានទះកំផ្លៀងប្រធានាធិបតីបារាំង Emmanuel Macron ក្នុងពេលដែលធ្វើដំណើរទៅកាន់ភាគអាគ្នេយ៍ប្រទេសបារាំងក្នុងចំណោមមនុស្សជាច្រើន កាលពីថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ ។
យោងតាមវីដេអូឃ្លីបនៅក្នុងបណ្តាញសង្គម និងរូបភាពតាមបណ្តាញព័ត៌មានមួយចំនួនបានបានឲ្យដឹងថា នៅពេលដែលប្រធានាធិបតីបារាំងបានដើរសំដៅទៅកាន់អ្នកគាំទ្ររបស់លោក ដើម្បីស្វាគមន៍ ខណៈពេលនោះបុរសម្នាក់បែរជាមិនចាំដៃលោកទេ ថែមទាំងបានទះកំផ្លៀងប្រធានធិបតីវ័យ ៤៣ ឆ្នាំរូបនេះមួយដៃទៅវិញ ។
ពាក់ព័ន្ធនឹងបញ្ហានេះមន្ត្រីមូលដ្ឋានបាននិយាយថា ភ្លាមៗនោះអង្គរក្សរបស់លោក Macron បានធ្វើការអន្តរាគមន៍យ៉ាងឆាប់រហ័ស ដោយមនុស្សពីរនាក់ត្រូវបានចាប់ខ្លួនផងដែរ ។ អ្នកឃើញហេតុការណ៍នៅក្នុងតំបន់នោះបាននិយាយថា បុរសដែលបានព្យាយាមទះកំផ្លៀងប្រធានាធិបតីនិងបុគ្គលម្នាក់ទៀតកំពុងត្រូវបានសួរចម្លើយដោយកម្លាំងកងរាជអាវុធហត្ថ ប្រទេសបារាំង៕