ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីបានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់អណ្តែតទឹកមកទើរនៅ ចំណុចកន្ទុយកោះខ្សាច់លោកគ្រូស្ថិតក្នុងភូមិឃុំកោះព្រះស្រុកសៀមបូកខេត្តស្ទឹងត្រែង វេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើនេះស្លៀកខោពណ៌ខ្មៅជើងវែងរឹបកជើងខ្សែក្រវាត់ពណ៌ ខ្មៅលីអូពណ៌សអាវដៃវែងពណ៌ផ្ទៃមេឃ ។ ក្នុងហោប៉ៅខោយើងបានពិនិត្យឃើញ កាបូបពណ៌ខ្មៅមួយនៅក្នុងកាបូបមាននាមប័ណ្ណចំនួនពីរសន្លឹក ។ សន្លឹកទី១ឈ្មោះពូ អូន ដឹកអ្នកដំណើរពីស្ទឹងត្រែងទៅព្រះវិហារ និងពីកំពង់ធំ ទៅរតនគីរី និងសន្លឹកទី២ ឈ្មោះលីមីញ រត់ឈ្នួលកង់បី និងលុយចំនួន១៥.៥០០ រៀលក្នុងនោះមានក្រដាសមួយ ម៉ឺនរៀលមួយសន្លឹកក្រដាសប្រាំពាន់រៀលមួយសន្លឹក និងក្រដាស៥០០ រៀលមួយ សន្លឹក ។ ចំណែកនៅលើខ្លួនសាកសពមានសាក់ជាអក្សរឡាតាំងចំនួន៣ តួTST នៅត្រង់ចំណុច ឆ្អឹងជំនីខាងឆ្វេង ។ សាកសពភេទប្រុសកម្ពស់ប្រហែល ១,៦០ ម៉ែត្រសាកសពមិន ស្គាល់អត្តសញ្ញាណទេមានអាយុប្រហែល៣០ ទៅ៣៥ឆ្នាំ ។
បន្ទាប់ពីមានការត្រួតពិនិត្យសមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យបានសន្និដ្ឋានថា សពស្លាប់ដោយសារលង់ទឹក ។ ដោយសារមិនមានសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យ លោកស៊ីនរក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានអនុញ្ញាតពី នោះសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំកោះព្រះ បានកប់សពទុកនៅចំណុចកោះខ្សាច់លោកគ្រូខាងលិចក្បាលកោះព្រះនៅវេលាល្ងាចថ្ងៃទី៨ ខែមិថុនាម្សិលម៉ិញនេះ ៕