មណ្ឌលគិរី៖ ម៉ាស៊ីនថតស្វ័យប្រវត្តិ បានថតយករូបភាពសត្វក្ងោកបៃតងដែលជាប្រភេទសត្វកម្រ ស្ថិតក្នុងគ្រោះថ្នាក់នៅភពផែនដី និងស្ថិតក្នុងចំណាត់ថ្នាក់ក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN ត្រូវបានរកឃើញថា មានចំនួនកើនឡើងនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី រួមនឹងដែនជម្រកសត្វព្រៃផ្សេងទៀតនៅតំបន់ភាគខាងកើតទន្លេមេគង្គក៏ត្រូវបានកត់សម្គាល់ថា មានកំណើនវត្តមានសត្វក្ងោកនេះ ។
មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្ត្រា បានលើកឡើងថា និន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជា ត្រូវបានរកឃើញថាមានចំនួនកើនឡើង។ នេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោកក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ដូចជាសត្វក្ងោក ដែលជាប្រភេទពូជបក្សីមានមាឌធំ មានសម្រស់ស្រស់ស្អាតនៅលើផែនដីនេះ ។
លោក នេត ភក្ត្រាបានឲ្យដឹងបន្តថា ច្រើនជាង៣ភាគ៤នៃប្រភេទសត្វព្រៃត្រូវបានរកឃើញថា ស្ថិតក្នុងស្ថានភាពថេរ ឬល្អប្រសើរ។ ទាំងនេះបង្ហាញឱ្យឃើញពីផលវិជ្ជមាននៃការអនុវត្តគម្រោងដែលរក្សាបាននូវភាពសម្បូណ៌បែបនៃសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់តំបន់ការពារធម្មជាតិ។ ការការពារប្រកបដោយប្រសិទ្ធភាព ទាំងការអនុវត្តច្បាប់ និងការរៀបចំផែនការអភិរក្សបានត្រឹមត្រូវ រួមនឹងការចូលរួមពីសហគមន៍ បានធ្វើឱ្យល្បាយនៃសត្វក្ងោកដែលជាសត្វកម្រនេះមានចំនួនកើនឡើងនៅក្នុងតំបន់ការពារធម្មជាតិ ។
បើតាមរបាយការណ៍សិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការសមគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អំពីស្ថានភាពសត្វព្រៃរយៈពេល ១០ឆ្នាំ ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា មានសត្វក្ងោកបៃតងចំនួន ៩៦៦ក្បាល កំពុងរស់នៅ ហើយដែនជម្រកសត្វព្រៃកែវសីម៉ានៅតែជាតំបន់ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ដោយសារតែមានកំណត់ត្រាជីវៈចម្រុះខ្ពស់ជាងតំបន់ការពារផ្សេងទៀតក្នុងប្រទេសកម្ពុជា និងជាទីជម្រកនៃប្រភេទសត្វសំខាន់ៗជាសកលរួមទាំងមានពពួកពានរដែលជាប្រភេទជិតផុតពូជបំផុត និងប្រភេទជិតផុតពូជច្រើនមជាងគេលើពិភពលោក។
តាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្នពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី ១៥.០០០ ទៅ ២០.០០០ក្បាល។ កម្ពុជាត្រូវបានគេវាយតម្លៃថា មានសត្វក្ងោកបៃតងដែលជាប្រភេទកម្រច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសមួយចំនួនទៀតដូចជាប្រទេសចិន ឥវៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ី ត្រូវបានប៉ាន់ស្មានថា មានចំនួនសត្វក្ងោកក្រោម ១.០០០ក្បាល ក្នុងប្រទេសនីមួយៗ។
កម្ពុជាមានសត្វក្ងោកចន្លោះពី ២.០០០ ទៅ ៣.០០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះតំបន់ភូមិភាគខាងកើតទន្លេមេគង្គក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។ ដែនជម្រកសត្វព្រៃកែវសីម៉ាមានចំនួន ៩៦៦ក្បាល និងនៅដែនជម្រកសត្វព្រៃសៀមប៉ាងមានប្រមាណ ៥៧០ក្បាល ហើយដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងខេត្តមណ្ឌលគិរី ឧទ្យាជាតិវីរៈជ័យក្នុងខេត្តរតនគិរី ក៏ត្រូវបានសិក្សាឃើញមានវត្តមានសត្វក្ងោកផងដែរ។ ក្រៅពីនោះ សត្វក្ងោកមានវត្តមាននៅក្នុងតំបន់អភិរក្សជួរភ្នំក្រវ៉ាញ និងតំបន់មួយចំនួនទៀតដែលមួយតំបន់ៗ អាចមានចន្លោះពី៥០ ទៅ១០០ ក្បាល។
សូមជម្រាបថា សត្វក្ងោកមានរោមពណ៌ត្នោត ខៀវ បៃតង ប្រផេះ ជើងវែង កវែង ហើយមានប្រវែងដងខ្លួនគិតពីចំពុះដល់ចុងកន្ទុយប្រហែល ២ម៉ែត្រ។ ចំណីរអាហាររបស់ក្ងោកមានដូចជា ផ្លែឈើ ត្រួយរុក្ខជាតិ និងសត្វល្អិតផ្សេងៗ។ វាអាចមានអាយុចាប់ពី ២០ឆ្នាំ ទៅ ២៥ឆ្នាំ និងទំងន់ចាប់ពី ៤ ដល់ ៥ គីឡូក្រាម។ សត្វក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។ សត្វក្ងោកតែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិតជាអាហារ។
ទន្ទឹមនឹងនេះសត្វក្ងោកជាប្រភេទសត្វដែលត្រូវបានរងគ្រោះដោយការបរបាញ់ និងការដាក់អន្ទាក់ដើម្បីយកស្លាប និងសាច់របស់វា។ ដើម្បីថែរក្សាប្រភេទពូជសាត្វកម្រនេះឱ្យបានគង់វង្ស ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងកិច្ចការអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វ និងបន្តផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ និងបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ប្រភេទសត្វកម្រទាំងនេះ។ ជនណាដែលនៅតែបំពាន នឹងត្រូវប្រឈមមុខនឹងច្បាប់ ៕