ភ្នំពេញ៖ បុគ្គលម្នាក់ៗតែងមានអត្តចរិកបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ដែលចំណុចនេះពិតជាមានសារសំខាន់ខ្លាំងណាស់ដោយអាចបញ្ជាក់អំពីជោគវាសនារបស់ខ្លួនបាន ។ អ្នកជំនាញមួយចំនួនគ្រាន់តែសង្កេតត្រឹមរយៈពេលខ្លីប៉ុណ្ណោះទៅលើបុគ្គលណាមួយតាមរយៈបុគ្គលិកលក្ខណៈអត្តចរិករបស់បុគ្គលនោះ គេអាចសន្និដ្ឋានបានថាបុគ្គលរូបនេះទទួលបានជោគវាសនាល្អ និងមិនល្អ ជាបុគ្គលជោគជ័យ ឬជាបុគ្គលបរាជ័យ ។
ពាក់ព័ន្ធនឹងចំណុចសំខាន់ខាងលើនេះលោកឧកញ៉ាអ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានលើកយកនូវលក្ខណៈមួយចំនួនរបស់បុគ្គលបរាជ័យ ដោយលោកបានមានប្រសាសន៍ថាបុគ្គលបរាជ័យនៅពេលឮគេថាធ្វើអ្វីមួយចង់ដឹងណាស់ប៉ុន្តែនៅពេលដឹងពីចំណុចទៅមិនរួចក៏លែងចង់ដឹង ។ បុគ្គលនេះនៅពេលគេហៅឲ្យធ្វើអ្វី ចង់ចូលរួមណាស់ប៉ុន្តែនៅពេលដល់កម្មវិធី មិនចូលរួម បើបានចូលរួមក៏មិនយកចិត្តទុកដាក់ ។ មិនតែប៉ុណ្ណោះនៅពេលឃើញអ្នកដទៃរកអ្វីបានចង់ធ្វើដែរ ប៉ុន្តែធ្វើមិនបានប៉ុន្មានក៏ឈប់កណ្តាលទី ។ បុគ្គលនេះឃើញអ្នកដទៃមានបានមិនគិតធ្វើអ្វីទេ អង្គុយតែច្រណែន អង្គុយតែវិភាគ តែមិនព្រមចាប់ផ្តើមធ្វើនោះទេ ។
សូមជម្រាបថា លោកឧកញ៉ាអ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ អ្នកជំនួញជោគជ័យមួយរូប ហើយជាអ្នកដែលបានបណ្តុះបណ្តាលអ្នកជំនួញជំនាន់ក្រោយជាច្រើននាក់ផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលធំៗនានាកន្លងមក ៕