ភ្នំពេញ៖ បុរសម្នាក់ស៊ីឈ្នួលជាកម្មករបូមខ្សាច់មួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ បានដើរមិនប្រយ័ត្នបណ្ដាលឲ្យអិលជើងធ្លាក់ចូលទុយោបូមខ្សាច់បណ្ដាលឲ្យស្លាប់យ៉ាងអាណោធអាធ័មបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង៧យប់នាទី ត្រូវនិងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ឆន សម្បតិ្ត ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តតាកែវ ។ នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ បានមកក្បែរនិងទុយោបូមខ្សាច់ដោយមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទឹកត្រូវម៉ាស៊ីនបូមខ្សាច់ស្រូបចូលក្នុងទុយោបណ្ដាលឲ្យជនរគ្រោះបាត់បង់ជីវិតស្លាប់យ៉ាងអាណោចអាធ័ម។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុភ្លាមៗ និងបានទាក់ទងខាងសមត្ថកិច្ចជំនាញត្រួតពិនិត្យ។ ក្រោយពីធ្វើការត្រួតពិនិត្យរួលរាល់សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពែណី៕