ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរាណ៍បានកើតឡើងដោយសាររថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្ត Lexus 450 កំពុងតែបត់ឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តគៀបជាប់ គ្នារងការខូចខាត សំណាងល្អមិនមានរងរបួសដល់តៃកុងរថយន្តទាំងសងខាង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៣ ក្នុងសង្កាត់ ច្រាំងចំរេះទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus 450 មួយគ្រឿងពណ៌សំបកឪឡឹក បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងគោលបំណង ត្រឡប់ទៅផ្ទះ វិញខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតពណ៌សពាក់ផ្លាកលេខភ្នំពេញ2-BI 0509 ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ ទិសដៅបញ្ច្រាសគ្នាមកបុកចំពាក់កណ្តាលរថយន្ត Lexus ៤៥០ ពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងផ្ទប់ជាប់គ្នារងការខូចខាតយ៉ាងដំណំ ។ ចំណែកឯ ម្ចាស់រថយន្តទាំងសងខាង នៅកន្លែងកើតហេតុរង់ចាំការដោះស្រាយ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ដោយភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវរ៉ូវគ្នា សមត្ថកិច្ចបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនៃចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការ រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕