ព្រះសីហនុ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី លើករូបសំណាកបដិមាព្រះសិវ: និងព្រះនាងឧមាភគវតីកម្ពស់ ៩ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៧.៥០ម៉ែត្រ នៅរង្វង់មូល ផ្លូវបំបែករាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី ដែលសូន្យចេញពីលោហធាតុ (ស្ពាន់) មានកម្ពស់១០.៩៤ម៉ែត្រ និងបល្ល័ង្កកម្ពស់ ៦.៣៦ ម៉ែត្រ នៅសួនច្បារមុខរោងចក្រស្រាបៀអង្គរ នឹងតភ្ជាប់រួចរាល់ពេលឆាប់ៗនេះ ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការស្ថាបនារូបសំណាកបដិមា និងរង្វង់មូលនេះអស់រយៈពេល៦ខែ ដែលផលិតដោយស្នាដៃកូនខ្មែរ ។ ជាមួយគ្នានោះឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើកែសម្រួលសួនច្បារ មុខរោងចក្រស្រាបៀរអង្គរ ឱ្យមានសោភ័ណភាព បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ មកពីបណ្តារាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលមកលេងកម្សាន្ត កាន់តែច្រើនឡើងថែមទៀត ។
គេសង្កេតឃើញថាបន្ទាប់ពីឯកឧត្តម គួច ចំរើន បានធ្វើជាអភិបាលខេត្តព្រះសីហនុនេះ បានធ្វើឲ្យខេត្តជាប់សមុទ្រមួយនេះហាក់មានសោភ័ណភាព និងលើកមុខលើកមាត់ដល់ ខេត្តមួយនេះជាខ្លាំងតាមរយៈសមិទ្ធផលនានា និងវិធានការរដ្ឋបាលសម្រាប់សន្តិសុខ សណ្តាប់ធ្នាប់ខេត្តនេះ ៕