ភ្នំពេញ៖ ឯកឧត្តម ត្រាំ អ៊ីវទឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលមរណភាពហើយកាលពីរសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
ការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវទឹក គឺជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបទៅដោយព្រហ្មវិហារធម៌ ដ៏ឧត្តុង្គឧត្តមចំពោះកូនៗចៅៗ គ្រប់រូបនៅក្នុងគ្រួសារមួយនេះផងដែរ ។ មិនតែប៉ុណ្ណោះនោះទេការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក នាពេលនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ដែលពោរពេញទៅដោយចំណេះដឹង និងបទពិសោធន៍យ៉ាងក្រាស់ក្រែល ព្រមទាំងជាឥស្សរជនឆ្នើមថ្នាក់ជាតិមួយរូប ដែលបានលះបង់ តស៊ូ ប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជូនប្រជាជន និងជាតិមាតុភូមិ ។
សូមជម្រាបថា បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ ៕