ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយបុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាកMGមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូម៉ាក ZOOMER X ចំពីមុខពេញទំហឹងបណ្តាលឲ្យក្មេងស្រីម្នាក់ ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និងម្នាក់ទៀតបានខ្ទាតចូលក្រោមរថយន្តបើកអូសទៅមុខ ជាង២គីឡូម៉ែតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ចំណែកឯតៃកុងរថយន្តបង្កជាជនជាតិចិនត្រូវបានប្រជាពលរដ្ឋវាយទ្រោមរួចប្រគល់ឲ្យសមត្ថកិច្ច ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី ២៩ខែឧសភា ឆ្នាំ២០២១ ចំណុចឃាត់បាននៅតាមបណ្ដោយផ្លូវ១០៥កែងនឹងផ្លូវ ៤៨៤ ក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះអានិតភេទស្រីអាយុ ១៨ឆ្នាំមុខរបរសិស្សបច្ចុប្បន្នស្នាក់នៅ ជិតកន្លែងកើតហេតុខាងលើនៅខណ្ឌចំការមន ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងស្រី ២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER X ពណ៌ទឹកក្រូច លាយស ពាក់ ផ្លាកលេខភ្នំពេញ 1GI 8052 ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៦០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញរថយន្តមួយគ្រឿងទៀតម៉ាកMG ពណ៌ខ្មៅពាក់ផ្លាកលេខ 2BK 1937 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូ ZOOMER X ពេញទំហឹងបណ្តាលឲ្យ ក្មេងស្រីម្នាក់ខ្ទាតចេញពីមុខរថយន្តរងរបួសធ្ងន់ និងម្នាក់ទៀតអូសក្រោមរថយន្តជាង២គីឡូដីស្លាប់យ៉ាង អាណោចអាធ័ម ។
ភ្លាមៗនោះគេឃើញសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានទំនាក់ទំនងទៅខាង ជំនាញក្រុងឲ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅខាងការរិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោយស្រាយនៅពេលក្រោយ ។ ចំណែកសពបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕