ខេត្តត្បូងឃ្មុំ៖ រថយន្តមួយគ្រឿងដែលមិនស្គាល់អត្តសញ្ញាណបានបើកបរ ខ្វះការប្រុងប្រយ័ត្ននិងលើសល្បឿន បណ្តាលអោយទៅបុក បុរសម្នាក់ ដែលជាអ្នកថ្មើរជើងស្លាប់ភ្លាមៗ នៅលើផ្លូវក្រាលកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រលប់ថ្ងៃទី២៥ ឧសភា កន្លងទៅ ។
ប្រភពព័ត៌មានពីស្រុកពញាក្រែកបានឱ្យដឹងថា បុរសជាអ្នកថ្មើរជើងត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង នោះ ឈ្មោះ ស៊ីម ញិល អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិកើតហេតុខាងលើ។ ចំណែករថយន្តបង្ករបានបើករត់គេច បាត់ស្រមោល ប៉ុន្តែខាងសមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តដែលបុកមនុស្សនោះទំនងជារថយន្តប្រភេទ ទេសចរណ៍១២ កៅអី ។
ជុំវិញករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើ មន្ត្រីនគរបាលជំនាញបាននិយាយថា ទំនងរថយន្តបុកអ្នកថ្មីរ ជើងស្លាប់នោះ បើកបរលើសល្បឿន ហើយក៏ប្រទះនឹងជនរងគ្រោះ ដើរលើចិញ្ចើមថ្នល់បានបុកពីខាងក្រោយស្លាប់រួចក៏បើកបរគេចបាត់តែម្តង ៕