ភ្នំពេញ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី២ បានស្រាវជ្រាវ និងឃាត់ជនសង្ស័យម្នាក់ ឈ្មោះ នី ទីន ហៅ ខ្មៅ ភេទប្រុស ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ ពាក់ព័ន្ធករណីលួចគាស់តូបកាហ្វេ ។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៥:០០នាទី ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ សែង សុងគីមស៊័ង ភេទប្រុស បានចេញពីផ្ទះមកបើកតូបកាហ្វេ នៅចំណុចផ្លូវ៤៧០កែង១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន ទើបដឹងថាមានចោរគាស់តូបកាហ្វេ យកអស់ម៉ាស៊ីនឆុងការហ្វេរមួយឈុត, ប្រដាប់បំពងសំឡេង (ស្ពីកឃើ) ចំនួន០១ និង លុយចំនួនប្រាំម៉ឺនរៀល ។
ចំពោះសម្ភារៈដកហូតបានរួមមាន រឺម៉កអេតចាយ០១គ្រឿង ម៉ាស៊ីនឆុងការហ្វេរមួយឈុត(ម៉ាក SM) ។ បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕