ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉ក ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TOYOTA VELL FIRE កំពុងបើកបត់ត្រឡប់ក្រោយ ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្បែរស្ទុបម៉ាកស័រដេស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉ក បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង (ម៉ូតូពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-0436 និងកន្ទុយរ៉ឺម៉កសណ្តោង ពណ៌ខៀវ ) ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TOYOTA VELL FIRE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-7689 នៅឈប់លើចិញ្ចើមផ្លូវ៣០ម៉ែត្រ ហើយក៏ស្រាប់តែបត់ត្រឡប់ក្រោយវិញ ទើបរូបគាត់ អកហ្សឺចាប់ហ្វ្រាំងមិនស៊ីជ្រុលទៅបុក រថយន្តស៊េរីទំនើបខាងលើចំពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូតខាតយ៉ាងដំណំ។ ចំណែកឯម៉ូតូសណ្ដោងរ៉ឺម៉ករងការខូចខាតបន្តិចបន្តួច ហើយអ្នកបើកបរក៏មិនរងរបួសអ្វីដែរ។ ភាគីខាងម្ចាស់រថយន្តរងគ្រោះ សម្រេចចិត្តយល់ព្រមទទួលយកសំណងពីម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉កចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕