អន្តរជាតិ៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូងគឺ LG បានសហការជាមួយក្រុមហ៊ុន IBC ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ក្នុងការបង្កើតរោងចក្រថ្មីមួយដើម្បីផលិតថ្មសាករថយន្តអគ្គិសនីជាមួយនឹងការចំណាយទុនរហូតដល់ទៅ១២ពាន់លានដុល្លារ ដែលមានសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីប្រមាណជា10 ជីហ្គាវ៉ាត់ម៉ោង។
ផ្អែកតាមការប្រកាសដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្មីៗនេះបានឲ្យដឹងថា គម្រោងនៃការបង្កើតរោងចក្រផលិតថ្មសាកសម្រាប់រថយន្តអគ្គិសនីខាងលើនេះគឺជាផ្នែកមួយនៃផែនការមេដែលមានតម្លៃ៩,៨ពាន់លានដុល្លារ និងត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន LG ជាមួយនឹងរដ្ឋាភិបាលឥណ្ឌូនេស៊ីតាំងតែពីឆ្នាំទៅដើម្បីធ្វើការវិនិយោគរួមគ្នា។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា រោងចក្រថ្មីមួយនេះនឹងលេចរូបរាងឡើងនៅក្នុងទីក្រុង Bekaski ស្ថិតនៅភាគខាងជើងជាប់ព្រំដែនជាមួយនឹងរដ្ឋធានី Jakarta ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចបញ្ជាក់ប្រាប់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់នោះឡើយក្រៅពីការបញ្ជាក់ថាអាចចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ។
គួររំលឹកដែរថា កាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុន LG Energy Solution ត្រូវបានគេដឹងថាបាននឹងកំពុងធ្វើការស្វែងរកឱកាសក្នុងការបង្កើតរោងចក្រផលិតថ្មរថយន្តដែលនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឲ្យបាននៅត្រឹមឆ្នាំ2023 ខាងមុខនេះ ហើយក្នុងនោះបេក្ខភាពដែលកំពុងនាំមុខគេនោះគឺជាទីតាំងរោងចក្រនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប៕