ភ្នំពេញ៖ រដ្ឋាភិបាលចាប់ផ្តើមផាកពិន័យអ្នកលក់ទំនិញតាមអនឡាញ ដោយគ្មានការអនុញ្ញាត្តពីក្រសួងពាក់ព័ន្ឋ ដែលនេះជាវិធានការរឹតបន្តឹងជាលើកដំបូង ក្នុងការគ្រប់គ្រងការទិញលក់ តាមប្រព័ន្ឋបច្ចេកវិទ្យា។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអន្ដរក្រសួងស្ដីពីការពិន័យជាប្រាក់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ខណៈការធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានការអនុញ្ញាត (ការលក់តាមអនឡាញ) នឹងត្រូវពិន័យជាប្រាក់រហូតដល់១០លានរៀល។ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសដាច់ដោយឡែកមួយទៀតកំណត់ថា ក្រសួងនឹងចាប់ផ្តើមផាកពិន័យ លើបទល្មើសទាំង៧ប្រភេទ ខាងលើនេះចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១តទៅ។
ការប្រកាសរួមរបស់អន្ដរក្រសួងនេះ ត្រូវបានចែកចាយដល់សារព័ត៌មាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
ប្រកាសអន្តរក្រសួង ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានកំណត់ពីការពិន័យជាប្រាក់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានអនុវត្តចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តអំពើល្មើសទៅនឹងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យទៅតាមប្រភេទបទល្មើសនិមួយៗ ត្រូវបានរៀបចំជាបញ្ជីពិន័យ ជាប្រាក់ ដូចខាងក្រោម៖
១, ការមិនបានចុះបញ្ជីកែប្រែ ការផ្លាស់ប្តូរផ្សេងៗនៅក្រសួងពាណិជ្ជកម្ម ត្រូវពិន័យ១លានរៀល។
២, ការមិនតម្កល់ទុកប្រតិវេទន៍ប្រចាំឆ្នាំ ត្រូវពិន័យ២លានរៀល
៣, ការផ្តល់ព័ត៌មានមិនពិត និងការក្លែងបន្លំឯកសារតម្រូវសម្រាប់ការចុះបញ្ជី ត្រូវពិន័យ១លានរៀល។
៤, ការធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានការអនុញ្ញាត ត្រូវពិន័យ
ចំនួន១០លានរៀល
៥, ការផ្តល់ព័ត៌មានមិនពិតលើរបាយការណ៍ កំណត់ហេតុ ឫឯកសារផ្សេងទៀតរបស់ក្រុមហ៊ុន ដែលត្រូវផ្ញើមកតម្កល់ទុកនៅក្រសួងពាណិជ្ជកម្ម ត្រូវពិន័យចំនួន២លានរៀល។
៦, ការមិនបានបញ្ជូនច្បាប់ចម្លងរបាយការណ៍ហិរញ្ញវត្ថុ មកតម្កល់ទុក នៅក្រសួងពាណិជ្ជកម្ម ត្រូវពិន័យ២លានរៀល និង៧-ការស្នើសុំចុះបញ្ជីម៉ាកសាជាថ្មី ហួសរយៈពេលកំណត់លើសពី៦ខែ ត្រូវពិន័យ២០ម៉ឺនរៀល៕