ភ្នំពេញ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងនិងសម្របសម្រួលគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ “Working Group” លើកទី២៤ ក្នុងគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការងារគ្រប់គ្រង់ទឹកកខ្វក់ ក្នុងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមជំនួយសហប្រតិបត្តិការបច្ចេកទេសពីប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីជំនាញក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
អង្គប្រជុំបានជជែកពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយក្រុមការងារបច្ចេកទេសក្នុងការធ្វើឱ្យប្រសើរ ឡើងនូវប្រព័ន្ធលូបង្ហូរទឹកកខ្វក់ដើម្បីបង្កើតផែនការសកម្មភាពឱ្យបានទូលំទូលាយ និងពិនិត្យមើលភាព ងាយស្រួលនៃការតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ដើម្បីកំណត់ពីស្ថានភាពលំហូរទឹកឱ្យបានច្បាស់លាស់ សំដៅធានាឱ្យបាននូវបរិស្ថានស្អាត និងសុខភាពអនាម័យសាធារណៈ និងលើកកម្ពស់ជីវភាពរស់របស់ ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តក្រុមការងារបច្ចេក ទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនរៀបចំផែនការមេឱ្យបានច្បាស់លាស់ និងប្រើប្រាស់ យន្តការសិក្សាស៊ីជម្រៅ ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវការគ្រប់គ្រងទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕