ភ្នំពេញ៖ រថយន្តព្រុសមួយគ្រឿង ខណៈពេលកំពុងតែបើកដល់ភ្លើងស្តុប ស្រាប់តែឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងអ្នកលក់សាំង កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្តុបណតប្រីត ផ្លូវ២០០៤ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ រួមដំណើរដោយស្ត្រីម្នាក់ បានបើកបររថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌សបើកបរពីទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវ២០០៤ លុះដល់ចំណុចភ្លើងស្តុប រថយន្តក៏បានឈប់ចាំស្តុបពណ៌ខៀវ ស្រាបតែមានផ្សែងហុយចេញក្នុងម៉ាស៊ីនរថយន្ត ផ្នែកខាងមុខ បង្កជាអណ្តាតភ្លើងឆេះចេញមកក្រៅ ផ្អើលអ្នកដំណើរនិងបុគ្គលិកអ្នកចាក់សាំង នាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកបាញ់ទប់ស្កាត់ អស់ចំនួន៧បំពង់ ទើបរថយន្តខាងលើរលត់ទៅវិញទាំងស្រុងជាស្ថាពរ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន នគរបាលប៉ុស្តិ៍អូរបែកក្អម ចុះមកពិនិត្យនិងធ្វើកំណត់ ហេតុ ដោយសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលរថយន្តឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តប្រព័ន្ធភ្លើង ដោយមិនមានការខូចខាត ដល់ទ្រព្យសម្បត្តិសាធារណៈ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្ត យករថយន្តស្ទូចមកស្ទូចយករថយន្ត ដែលរងការឆាបឆេះ និងខូចខាតយកទៅជួសជុសដោយខ្លួនឯង ៕