បាត់ដំបង៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលអធិការស្រុកសំពៅលូន បានសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូច៥៣៣ និងកម្លាំងសឹករងស្រុកសំពៅលូន ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន បានចាប់ខ្លួនមេខ្យល់ម្នាក់ ខណៈនាំមនុស្សចំនួន ៦នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុល ផេន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជនល្មើសរូបនេះបានធ្វើសកម្មភាពលួចនាំមនុស្សចំនួន ៦នាក់ (កុមារ ៣នាក់) ដោយនាំឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅទឹកដីថៃ តាមច្រករបៀងជាប់ភូមិសាស្ត្រចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ពលរដ្ឋទាំង៦នាក់ សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។ ចំពោះជនសង្ស័យជាមេខ្យល់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមច្បាប់ ៕