កីឡាជាតិ៖ អ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញមួយរូប គឺកីឡាករ ម៉ន សាម៉េត បានបង្ហាញនូវក្តីប្រាថ្នារបស់ខ្លួនថានឹងចាប់យកអាជីពជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ក្រោយពីបញ្ចប់ពីអាជីពជាកីឡាប្រដាល់ នាពេលខាងមុខ។
ម្ចាស់ខ្សែក្រវាត់ពីរជំនាន់ និងជាម្ចាស់មេដាយមាស និងប្រាក់នៃការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិជាច្រើនឆ្នាំរូបនេះបន្ថែមថា ថ្វីដ្បិតតែបច្ចុប្បន្ន ខ្លួនស្ថិតនៅក្នុងវ័យ៣១ឆ្នំាទៅហើយក្តី ក៏ប៉ុន្តែថាមពលកម្លាំង គុណភាពបច្ចេកទេសក៏នៅតែអាចប្រកួតប្រជែងនៅលើសង្វៀងប្រយុទ្ធនានាជាមួយកីឡាករប្រដាល់លំដាប់ជួរមុខ នាពេលបច្ចុប្បន្ន និងកីឡាករបរទេសបាននៅឡើយដែរ។ ទោះជាយ៉ាងណា ក្តីស្រម៉ៃ បំណងប្រាថ្នា និងឆន្ទៈ នាពេលថ្ងៃអនាគត ក៏ត្រូវតែគូសវាស និងគិតគូផងដែរ ដោយកីឡារ ម៉ន សាម៉េត ថាចង់បន្តអាជីពក្នុងកីឡាប្រដាល់គុនខ្មែរនេះដែរ ដែលធ្វើជាគ្រូបង្វឹក នៅពេលខ្លួនមានអាយុ៣៦ឆ្នាំ ពោលគឺនៅ៥ឆ្នាំខាងមុខទៀត ក្រោយពីកម្លាំងថម ថយ និងអាចដកខ្លួនពីសង្វៀនប្រដាល់។ ម្យ៉ាងទៀត ដោយសារការស្រឡាញ់អាជីពកីឡាប្រដាល់គុនខ្មែរនេះ តាមរយៈការជួយបណ្តុះបណ្តាលយុវជនកីឡាប្រដាល់គុនខ្មែរជំនាន់ក្រោយៗឲ្យកាន់តែសម្បូរបែប ក៏ដូចជាជួយលើកកម្ពស់អភិវឌ្ឍ និងអភិរក្សាមរតកកេរ្តិ័ដូនខ្មែរផង និងបន្តវេនពីជីតា និងឱពុកដែលមានឈាមជ័រជាអ្នកប្រដាល់ជំនាន់មុន ជាបន្តទៀត ។
អ្នកប្រដាល់ចាស់វស្សា តែស្មារតីប្រយុទ្ធនៅតែមុះមុតរូបនេះមានទីលំនៅ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ នៅក្លិបកងចក្ររាជសីហ៍នៃក្រសួងមហាផ្ទៃ។ ម៉ន សាម៉េតបានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ តាំងពីមានវ័យ១០ឆ្នាំមកម្ល៉េះ ហើយបានអភិវឌ្ឍខ្លួនជាជំហានៗរហូតដល់មានឈ្មោះបោះសំឡេង ក្នុងអំឡុងឆ្នាំ២០០៨ និង២០០៩ បន្ទាប់ពីកីឡាកររូបនេះចម្រើនវ័យពេញកម្លាំង១៦ឆ្នាំ ហើយបានផ្តួលកីឡាករជើងខ្លាំងចាស់ៗ នាពេលនោះ ដូចជាកីឡាករ ឯម លីថូ, សា រឿនច័ន្ទ និង ឡោ សំណាងជាដើម។
សូមបញ្ជាក់ថា ក្នុងអាជីពជាអ្នកប្រដាល់គុនខ្មែរ ម៉ន សាម៉េត បានគ្រងខ្សែក្រវ៉ាត់ក្នុងស្រុកចំនួន២ មេដាយមាស និងប្រាក់ ពីការប្រកួតប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិជាច្រើនគ្រឿង ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាបន្តបន្ទាប់ផងដែរ៕