មណ្ឌលគិរី ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជនជាប់ចោទ២ នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់បំផ្លាញ ធនធានធម្មជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ី ឡើងវិញតាម បញ្ញត្តិមាត្រា ៦០និងមាត្រា ៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពី តំបន់ការពារធម្មជាតិ ។
បើតាមមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានជម្រាបថា ជនត្រូវចោទមានទី១-ឈ្មោះ ថែ លរិទ្ធី ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅបច្ចប្បន្ន ភូមិអូរ អាម ឃុំស្រែខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី និង២-ឈ្មោះ ឯមអំភេទប្រុសអាយុ ១៧ ឆ្នាំមាន ទីលំនៅបច្ចុប្បន្នភូមិ ខ្ជាយឃុំតំបែរស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ចំណែកជនត្រូវចោទទាំង២នាក់ត្រូវបានមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិរបស់ដែនជម្រកសត្វព្រៃកែវ សីមា នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីចាប់ឃាត់ខ្លួន បាននៅនឹងកន្លែងកើតហេតុកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ ខណៈកំពុងធ្វើសកម្មភាពកាប់រំលំដើមឈើ និងអារជ្រៀក ឈើស្រឡៅជាច្រើនដើមរួមជាមួយវត្ថុតាងរណារយន្តចំនួន១គ្រឿង និងម៉ូតូកែច្នៃចំនួន១ គ្រឿងនៅចំណុចគីឡូម៉ែត្រលេខ ១៦៣ ស្ថិតក្នុងភូមិអូរ អាម ឃុំស្រែ ខ្ទុម ស្រុកកែវ សីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃ កែវ សីមា ។
បច្ចុប្បន្ន ជនត្រូវចោទទាំង ២ នាក់ត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្នុងយុត្តាធិការស៊ើបសួរ ៕